(ព្រះវិហារ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងជិតឈានមកដល់នាពេលខាងមុខនេះ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាឱកាសនោះ លោករដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ជាពិសេសក្នុងអំឡុងរដូវភ្លៀងនេះ សូមថែទាំសុខភាព និងសុវត្ថិភាព ការពារពីសត្វអសិរពឹសចឹកខាំ និងជំងឺឆ្លងនានា តាមរយៈការប្រុងប្រយ័ត្នគ្រប់ពេល ព្រមទាំងការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការបានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។
ពិធីសំណេះសំណាលនេះ គឺស្ថិតក្នុងស្ថានភាពរបស់ប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សមេ្តចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិរបស់យើង ឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកាតព្វកិច្វរបស់យើងគ្រប់គ្នា តាមពាក្យស្លោក «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។
លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីវឌ្ឍនភាពមួយចំនួនរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមិទ្ធិផលជាប្រវត្តិសាស្ត្រជាច្រើនទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលអាចដោះស្រាយបាននូវវិបត្តិធំៗនៅចំពោះមុខ មានឱកាសកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ជាតិ ពិសេសពលរដ្ឋមានជីវភាពធូរធារជាលំដាប់។
នាឱកាសនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំមកនូវអំណោយក្នុងនាម សមេ្តចធិបតីនាយករដ្ឋមន្រ្តី សម្រាប់ផ្តល់ជូនដល់បងប្អូន នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ រួមមានគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន សរុបជាថវិកាចំនួន ១៥២,៥១១,០០០រៀល។
លោករដ្ឋលេខាធិការ បញ្ជាក់ថា អំណោយទាំងនេះ ចាត់ទុកថាជាស្មារតីសាមគ្គី សហការរវាងកងទ័ព ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាជន។ នេះគឺជាខឿនការពារជាតិដ៏រឹងមំា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សមេ្តចធិបតីនាយករដ្ឋមន្រ្តី។
ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកដ៏ថ្លាថ្លៃជាមួយក្រសួង និងសូមកោតសរសើរដ៏ស្មោះស័្មគ្រចំពោះ នាយទាហាន នាយទាហានរង ពលទាហាន ព្រមទំាងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់សហការគ្នាយ៉ាងជិតសិ្នទ្ធ ចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្រ្ត របស់បងប្អូនកងកម្លាំងប្រដាប់អាវុធ នៃកងពលតូចអន្តរាគមន៍លេខ៧ ក្នុងការការពារបូរណភាពទឹកដី និងការពារសន្តិសុខសុវត្តិភាពជូនជាតិយើង៕