(កណ្ដាល)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបានមកលេងតាមរមណីយដ្ឋានានានៅខេត្តកណ្ដាល មានប្រមាណជា៦៦,៤៣២នាក់។
លោកជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្ដាល បានឲ្យដឹងថា សរុប៣ថ្ងៃភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើននៅតាមរមណីយដ្ឋានានាជាច្រើននៅខេត្តកណ្ដាល បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើង៤,៤៨%។ ក្នុងនោះទេសចរបរទេសមានចំនួន៤៧៨នាក់ ប្រៀបធៀបនឹងឆ្នាំ២០២៣ មានកើនឡើង២១,៣៩%។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងថា កត្តាប្រទេសជាតិមានសុខសន្តិភាព ទើបញ៉ាំងឲ្យពលរដ្ឋសប្បាយចិត្តក្នុងការដើរលេងកម្សាន្តឱកាសបុណ្យភ្ជុំនេះ។ ជាមួយនឹងការកើនឡើងភ្ញៀវទេសចរនេះ អាជ្ញាធរគ្រប់មូលដ្ឋាន រួមនឹងកម្លាំងជំនាញទាំងអស់ បានសហការគ្នាល្អក្នុងការរៀបចំទីតាំងកម្សាន្តទាំងនោះ ប្រកបដោយសន្តិសុខ សុវត្ថិភាព អនាម័យ ការរៀបចំសណ្ដាប់ធ្នាប់ កន្លែងទុកដាក់ម៉ូតូឡានមានសុវត្ថិភាព ធុងសម្រាមមានគ្រប់គ្រាន់ បន្ទប់ទឹកស្អាត ម្ហូបអាហារឆ្ងាញ់ សេវាល្អ តម្លៃអាចទទួលយកបាន ដែលជាហេតុនាំឲ្យការដើរលេងកម្សាន្តរបស់ពលរដ្ឋលេងពោរពេញទៅដោយស្នាមញញឹម សប្បាយរីករាយឥតឧបមា៕