(ភ្នំពេញ)៖ យុវតី សុខ រ៉ានី អាយុ ២២ឆ្នាំ រស់នៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានបៀមទុក្ខក្រៀមក្រំ រស់បាត់បង់ក្តីសុខ និងភាពរីករាយអស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ ព្រោះតែដុំសាច់នៅក្នុងមាត់ខាងឆ្វេង។
ជាសំណាងល្អព័ត៌មាននេះបានធ្លាក់ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាអ្នកប្រតិបត្តិនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន (TYDA) ពេលក្រុមគ្រូពេទ្យចុះព្យាបាលជំងឺនៅវិទ្យាល័យបឹងត្របែក កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានចាត់ចែងការព្យាបាលជូនយុវតី សុខ រ៉ានី។
យុវតី សុខ រ៉ានី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីទទួលបានព្យាបាលដោយក្រុមគ្រូពេទ្យជំនាញផ្នែកវះកាត់មុខមាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញ។
យុវតី សុខ រ៉ានី ទទួលបានការវះកាត់ដោយជោគជ័យពីសំណាក់ក្រុមគ្រូពេទ្យជំនាញកាលពីពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ បន្ទាប់ពីសម្រាកព្យាបាលជាច្រើនខែ ពេលនេះយុវតី សុខ រ៉ានី បានជាសះស្បើយ និងបានអនុញ្ញាតឱ្យចេញទៅផ្ទះហើយ។
សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់ក្នុងការព្យាបាលវះកាត់ និងការស្នាក់នៅព្រមទាំងថ្លៃអាហារ ត្រូវបានជួយឧបត្ថម្ភដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី៕