(វ៉ាស៊ីនតោនឌីស៊ី, អាមេរិក)៖ ក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន រៀបចំដោយមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) នៅលើទឹកដីអាមេរិក លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រឹងប្រែងកោះកកាយអំពីសក្តានុពល ក៏ដូចជាឱកាសនានាសម្រាប់ការទាញផលចំណេញលើការវិនិយោគនៅកម្ពុជា។ ការប្រឹងប្រែងកោះកកាយនេះ ព្រោះចង់ទាក់ទាញអ្នកវិនិយោគនៅអាមេរិក ចាប់អារម្មណ៍ចូលមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
ក្នុងសុន្ទរកថាគន្លឹះថ្លែងក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន កាលពីព្រឹកថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានលើកបង្ហាញអំពីគោលបំណងនៃដំណើរទស្សនកិច្ចការងារ របស់គណៈប្រតិភូកម្ពុជាក្រោមការរៀបចំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយស្ថានទូតសហរដ្ឋអាមេរិក, សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា និងមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល, ក្រសួងពាណិជ្ជកម្ម, និងវិស័យឯកជនជាច្រើនជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ក្នុងបុព្វហេតុដើម្បីទាក់ទាញ និងជំរុញវិនិយោគពីសហរដ្ឋអាមេរិក និងកាណាដាមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ពាក់ព័ន្ធលើកិច្ចការវិនិយោគនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ខណៈកម្ពុជាមានសុខសន្តិភាពពេញលេញ និងបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទី។ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តវិនិយោគិនអាមេរិក ឱ្យពិនិត្យលទ្ធភាពមកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បើទោះបីកម្ពុជាជាប្រទេសតូចមានប្រជាពលរដ្ឋប្រមាណ១៧លាននាក់ក្ដី ប៉ុន្តែកម្ពុជាមានប្រជាពលរដ្ឋវ័យក្មេងដែលប្រកបដោយថាមពល ថាមវន្ត និងអាចបង្រៀនបានច្រើនជាងប្រទេសផ្សេងៗទៀតក្នុងតំបន់ ដែលនេះជាសក្តានុពលប្រជាសាស្ត្ររបស់កម្ពុជាជូនដល់វិនិយោគិន។ ការផលិតនៅកម្ពុជាមិនត្រឹមតែអាចផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងអាចផ្គត់ផ្គង់ទីផ្សាររបស់អាស៊ាន, ទីផ្សារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានប្រជាជនសរុបប្រមាណ ២,៣ពាន់លាននាក់, ហើយក្រៅពីនោះកម្ពុជាក៏បានទទួលអត្ថប្រយោជន៍បន្ថែមផងដែរពីប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយស្តាប់កង្វល់នានារបស់វិនិយោគិន តាមរយៈការបន្តរៀបចំនូវកិច្ចសន្ទនា និងរបៀបវារៈនានា មានជាអាទិ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី Bridgette L. Walker ការធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានដឹកនាំជាលើកដំបូងនូវកិច្ចសន្ទនារវាងរដ្ឋ និងឯកជននៃប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាដោះស្រាយលើកង្វល់នានារបស់វិនិយោគិនអាម៉េរិកនៅកម្ពុជា ដែលនេះបានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិនិយោគិន។
កម្ពុជាបានបន្តខិតខំប្រឹងប្រែងក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស មិនត្រឹមតែសម្រាប់បម្រើប្រយោជន៍ពលរដ្ឋដោយផ្ទាល់ប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់សម្រួលដល់ការដឹកជញ្ជូនរបស់វិនិយោគគិនផងដែរ។
សូមជម្រាបថា វេទិកាដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិរបស់សហរដ្ឋអាមេរិកនេះ ជាវេទិកាដែលតែងតែអញ្ជើញថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសផ្សេងៗគ្នា ថ្លែងសុន្ទរកថាគន្លឹះចែករំលែកអំពីព័ត៌មាន និងទស្សនាទាន ទៅកាន់សាធារណជនទូទាំងសកលលោក។ ជាក់ស្តែងនៅក្នុងឆ្នាំនេះ ប្រធានាធិបតីប្រទេសហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ក៏បានថ្លែងសុន្ទរកថានៅលើវេទិកានេះផងដែរ។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលលោកឧបនាយករដ្ឋមន្ត្រី អញ្ជើញផ្ដល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាដែលរៀបចំដោយមជ្ឈមណ្ឌល CSIS ដោយការចូលរួមលើកដំបូងកាលពីឆ្នាំ២០១៤កន្លងទៅ ដើម្បីចែករំលែកអំពីព័ត៌មានសក្តានុពល និងកាលានុវត្តភាពរបស់កម្ពុជា៕