(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើង ពីគោលនយោបាយនៃការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា ដឹកដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ បានផ្តោតទៅលើមុំ៤ សំខាន់ៗ គឺមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ ថាមពលកាន់តែស្អាត ថ្លៃសមរម្យ មានស្ថេរភាព និងមានសមធម៌ ដើម្បីធ្វើឱ្យការរស់នៅ និងការធ្វើអាជីវកម្ម នៅកម្ពុជាកាន់តែមិនសូវជាប់ការលំបាក។
លោក កែវ រតនៈលើកឡើងបែបនេះ ក្នុងឱកាសដែលលោក កែវ រតនៈ ធ្វើបាឋកថាស្តីពី«គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។
មុំទាំងបួនដែលលើកឡើងដោយ លោក កែវ រតនៈ រួមមាន៖
មុំទី១៖ បន្តអភិវឌ្ឍន៍ប្រភពថាមអគ្គិសនី ដើម្បីកុំឱ្យមានការខ្វះខាត មានភាពគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់ ព្រមទាំងបង្កើនការពង្រីកបន្ថែម ជាពិសេសថាមពលស្អាត ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចមិនអនុញ្ញាតឱ្យមានការដាក់ពង្រាយម៉ាស៊ីនភ្លើង ដែលដើរដោយម៉ាស៊ូត ឬប្រេងម៉ាស៊ីនខ្មៅទៀតនោះទេ។
មុំទី២៖ ការដំឡើងថ្លៃ ៖ ការខិតខំមិនធ្វើឱ្យថ្លៃអគ្គសនីឡើង គឺជាគោលនយោបាយសំខាន់ របស់សម្តេចមហាមបរវធិបតី ហ៊ុន ម៉ាណែត ដើម្បីកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម។ ការធ្វើមិនឱ្យថ្លៃអគ្គិសនីឡើងនេះ អាចធ្វើបានតាមរូបភាព២ គឺទី១- មិនដំឡើងថ្លៃ ឬបញ្ឈប់ការឡើងថ្លៃ ដោយរាជរដ្ឋាភិបាល បានបានបញ្ចេញលុយតាមរយៈអគ្គិសនីកម្ពុជា ដើម្បីទប់ថ្លៃកុំឱ្យឡើងជាបន្តបន្ទាប់ ខណៈថ្មីៗនេះសម្តេចមហាបវរធិបតី បានសម្រេចបញ្ចុះថ្លៃអគ្គិសនីបន្ថែមទៀត ដល់បណ្តារោងម៉ាស៊ីនស្រូវ និងសម្ងួតស្រូវ ដើម្បីកាត់បន្ថយការចំណាយលើការកិនស្រូវ និងសម្ងួតស្រូវ ក្នុងន័យជួយកសិករ និងជំរុញដល់ការធ្វើផលិតកម្ម សម្រាប់នាំចេញអង្ករផងដែរ។
មុំទី៣៖ ស្ថេរភាពនៃការផ្គត់ផ្គង់៖ រាជរដ្ឋាភិបាល នឹងពិនិត្យទៅលើការវិនិយោគ ដើម្បីធានាថាចាប់ពីពេលនេះតទៅ ការផ្គត់ផ្គង់អគ្គិសនីនឹងកាន់តែទុកចិត្តបាន ពោលគឺមិនដាច់អគ្គិសនីញឹកញាប់ ដូចកាលពីមុនទៀតនោះទេ។
ដូច្នេះ មុំទី៣ នៃវិស័យអគ្គិសនីនៅកម្ពុជា គឺឈានទៅពង្រឹងការមិនដាច់ភ្លើងនេះឱ្យកាន់តែល្អ ដើម្បីធ្វើឱ្យការរស់នៅ និងការធ្វើអាជីវកម្ម នៅកម្ពុជាកាន់តែមិនសូវលំបាក។
មុំទី៤៖ សមធម៌៖ ពាក់ព័ន្ធនឹងចំណុចសមធម៌នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើសមធម៌ ៣ចំណុច គឺទី១-ថ្លៃប្រើប្រាស់នៅតំបន់ទីក្រុង និងជនបទ មិនមានគម្លាតគ្នា ពោលគឺអ្នកប្រើប្រាស់នៅជនបទតិច បង់ថ្លៃតិចជាងអ្នកប្រើប្រាស់ច្រើននៅទីក្រុង។ ទី២- សមភាពយេនឌ័រ ដោយរាជរដ្ឋាភិបាល បានកំណត់ថា គម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ជាពិសេសគម្រោងថាមពលស្អាត ត្រូវស្រូបយកកម្លាំងពលកម្មស្រ្តីឱ្យច្រើន គឺតម្រូវឱ្យយកម្មករស្រី្តចូលធ្វើការយ៉ាងតិច ៦០% ក្នុងពេលសាងសង់គម្រោង, ក្នុងរយៈពេលប្រតិបត្តិការ ក្នុងរយៈពេល ២៥ឆ្នាំនៃគម្រោង ដាច់ខាតត្រូវយកស្រ្តីឱ្យបាន៥០%។ បន្ថែមពីនេះ នៅក្នុងកម្រិតនៃការគ្រប់គ្រងគម្រោង គឺតម្រូវឱ្យយកនារីយ៉ាងតិច ១នាក់ជាជនជាតិខ្មែរ ធ្វើជាអនុប្រធានគម្រោង ដើម្បីរុញការងារចាប់ពីកម្រិតទាបដល់ខ្ពស់។ ចំណុចទី៣ គឺ រាជរដ្ឋាភិបាលបានដាក់ចេញនូវធានការមួយចំនួន ដើម្បីទៅជួយឱ្យប្រជាជន នៅតំបន់នៅតំបន់ជនជាតិភាគតិច មានអគ្គិសនីប្រើប្រាស់ ដូចប្រជាជនផ្សេងទៀតដែរ៕