(វ៉ាស៊ីនតោនឌីស៊ី)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន ជួបពិភាក្សារការងារជាមួយវិស័យឯកជនចំនួន ៣ស្ថាប័ន លើវិស័យថាមពល, វិស័យពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce), និងសុខាភិបាល របស់សហរដ្ឋអាម៉េរិក ដើម្បីផ្សព្វផ្សាយនិងពន្យល់លម្អិតអំពីបរិយាកាសវិនិយោគនៅកម្ពុជា កញ្ចប់លើកទឹកចិត្តនានា និងកិច្ចសម្របសម្រួលវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងជំនួបកាលពីរសៀលថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានជម្រាបជូនអំពីព័ត៌មាន ជាសក្តានុពលសម្រាប់កិច្ចការងារវិនិយោគនៅកម្ពុជា ដោយក្នុងនោះ គណៈប្រតិភូកម្ពុជា បានស្នើក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជា លើវិស័យថាមពល វិស័យសុខាភិបាល និងការដាក់លក់ផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលជាមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុនផងដែរ៕