(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ថា អាស៊ានបានដាក់គោលដល់រួមគ្នានៅឆ្នាំ២០៣០ ចង់ឃើញការផលិតអគ្គិសនី ចេញពីថាមពលស្អាត ៣៦ភាគរយ ខណៈដែលកម្ពុជាដាក់ចេញគោលការឆ្នាំ២០៣០ ត្រូវផលិតថាមពលស្អាតឱ្យបាន ៧០ភាគរយ កើនឡើងគុណនឹងពីរនៃការចង់បានរបស់អាស៊ាន។
លោក កែវ រតនៈ បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីធ្វើបាឋកថាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក កែវ រតនៈ បានថ្លែងដូចនេះថា «ការឯកភាពគ្នារបស់អាស៊ានថា គន្លងទៅអព្យាក្រិត្យកាបូនគឺនឹងមានគន្លងផ្សេងៗគ្នា ដោយសារមានការឯកភាពរៀងៗខ្លួន, ប៉ុន្តែអាស៊ាន បានដាក់គោលដៅមួយថា បើសិនក្នុងស្ថានភាពធម្មតា អាស៊ានចង់ឃើញនៅត្រឹមឆ្នាំ២០៣០ ការផលិតថាមពលអគ្គិសនី ត្រូវយកចេញពីប្រភពស្អាតយ៉ាងតិច ៣៦ភាគរយ ហើយខំនាំគ្នានៅឆ្នាំ២០៥០ ទៅដល់អព្យាក្រិតកាបូន»។
លោក កែវ រតនៈ បានបន្ថែមថា ដោយឡែកសម្រាប់កម្ពុជាវិញ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ផែនការយ៉ាងតិចត្រឹមឆ្នាំ២០៣០ យ៉ាងយូរ ថាមពលស្អាតនៅកម្ពុជាយ៉ាងតិចត្រូវមាន ៧០ភាគរយ កើនឡើងគុណនឹងពីរនៃការចង់បានរបស់អាស៊ាន ដើម្បីឱ្យកម្ពុជាស្អាតផង ដើម្បីឱ្យការអភិវឌ្ឍន៍មានចេរភាព និងមានការវិនិយោគចូលក្នុងប្រទេសរបស់យើងផងដែរ។
លោក កែវ រតនៈ បានបញ្ជាក់ទៀតថា កម្ពុជាមិនមែនត្រឹមតែបំពេញចិត្តអាស៊ានទាំង ១០ប្រទេសនោះទេ តែកម្ពុជាចង់ធ្វើឱ្យបានល្អប្រសើរជាងអាស៊ានចង់បាន២ដង ខណៈមកដល់ពេលនេះ កម្ពុជាអាចសម្រេចបានថាមពលស្អាតជាង ៦០ភាគរយរួចទៅហើយ ខណៈនៅសល់ ១០ភាគរយទៀត កម្ពុជានឹងខិតខំឱ្យសម្រេចបាន។
លោក កែវ រតនៈ បានលើកឡើងដែរថា នៅក្នុងពិភពលោកក៏មានគន្លងទៅអព្យាក្រិត្យកាបូនផ្សេងៗ មាន ឥណ្ឌា ចិន ដាក់ផែនការអព្យាក្រិត្យកាបូននៅឆ្នាំ២០៦០ ខណៈកម្ពុជាបានដាក់គន្លងទៅកាន់អព្យាក្រិត្យកាបូន នៅក្នុងឆ្នាំ២០៥០៕