(ភ្នំពេញ)៖ លោក គៀង ចក់ អភិបាលរងខណ្ឌមានជ័យ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ បានបដិសេធទាំងស្រុងចំពោះការបង្ហោះរបស់ក្រុមប្រឆាំងមួយចំនួន ដោយបានកាត់តរូបរបស់លោក ទៅផ្សារភ្ជាប់ទៅនឹងករណី លោក ផន ផាន់ណា នៅប្រទេសថៃ។
ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពី មានគណនីហ្វេសប៊ុកក្រុមប្រឆាំងក្រៅប្រទេសមួយចំនួន ដូចជាឈ្មោះ ហេង ដាណារ៉ូ (សហរដ្ឋអាមេរិក) ម៉ន ផល្លា (កាណាដា) ទេព មនោ (បារាំង) និងបណ្តាសកម្មជនជាឃោសនិកនៅជប៉ុន កូរ៉េ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ បានយកសារក្លែងក្លាយដែលមានរូបថត លោក គៀង ចក់ ទៅបង្ហោះផ្សព្វផ្សាយដែលមានខ្លឹមសារថា «ជួយធ្វេីការឱ្យខ្ញុំតិចបានទេ ចាំឱ្យលុយចាយ ឡេីងទៅថៃតាមលួង ផន ផាន់ណា អោយវាមកដេកនៅបាកក ក្នុងផ្ទះសំណាក់ហេីយចាំឆាតមកខ្ញុំអោយប៉ូលិសទៅចាប់វា» និងកាត់តរូបភាព ភ្ជាប់សារសម្លេងរបស់សម្តេចតេជោ ក្នុងគោលដៅឲ្យរឿងលោក ផន ផាន់ណា កាន់តែក្តៅ ដើម្បីរុញឲ្យអង្គការពាក់ព័ន្ធនៅប្រទេសថៃ អន្តរាគមន៍ជួយជំរុញបន្ថែមឲ្យឆាប់បានទៅប្រទេសទីបី។
ជុំវិញករណីនេះ លោក គៀង ចក់ បានអះអាងថា «ដោយនេះមិនមែនជាលើកទីមួយទេ ដែលពួកវាប្រើប្រព័ន្ធ AI ក្លែងសំឡេងសម្តេចតេជោ និងឆាតតេឡេក្រាមរបស់ លោកឃ្លាំង ហួត ដែលបានចាក់ផ្សាយសារសំឡេងក្នុងកម្មវិធីរបស់វិទ្យុអាស៊ីសេរី ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងន័យបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់សម្តេចតេជោ»។
ជាចុងក្រោយ លោក គៀង ចក់ សូមស្នេីសុំដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តារកយុត្តិធម៌ដល់រូបលោក និងស្វែងរកក្រុមដែលបានក្លែងបន្លំនេះមកផ្តន្ទាទោសតាមផ្លូវច្បាប់។
លោកបានបង្ហាញហ្វេសប៊ុកពិតរបស់លោក និងហ្វេសប៊ុកក្លែងក្លាយដែលបង្កើតឡើងដោយក្រុមប្រឆាំង នៅខាងមុខនេះផងដែរ។
* គណនីពិតប្រាកដរបស់ខ្ញុំ https://www.facebook.com/profile.php?id=100040140093338&mibextid=LQQJ4d
* គណនីក្លែងក្លាយ https://www.facebook.com/profile.php?id=100049542426854&mibextid=LQQJ4d