(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ដេីម្បីដាក់វិធានការការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» នៅតាមមណ្ឌលប្រឡងក្នុងរាជធានី ភ្នំពេញ ។
កិច្ចប្រជុំនោះ ក្រោយអធិបតីភាពលោក កេីត ឆែ អភិបាលរាជធានីភ្នំពេញស្តីទី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងអភិបាល-អភិបាលរងខណ្ឌ ព្រមទាំងមន្ត្រី រួមជាមួយសមត្ថកិច្ច ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ។
ក្នុងឱកាសលោក កេីត ឆែ អភិបាលរាជធានីភ្នំពេញ ស្តីទីបានលេីកឡេីងថា ការប្រឡងនេះ គឺជាពានរង្វាន់សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រក្សាពានរង្វាន់ ដែលប្រជាពលរដ្ឋសាទរ ក្នុងការកែទម្រង់វិស័យអប់រំនេះឱ្យបាន ។
លោក កើត ឆែ អះអាងថា ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ពង្រឹងការអប់រំ តាំងពីបឋមសិក្សាឱ្យខ្លាំងជាគោលនយោបាយរាជរដ្ឋភិបាល អាណត្តិទី៧ ដោយលោកបានចំណាយពេលវេលាដ៏មានតម្លៃបំផុត ធ្វើដំណើរតាមរថយន្ត ចុះតាមបណ្ដាខេត្តនានា ដើម្បីដឹងសុខទុក្ខ និងពីតម្រូវការរបស់ប្រជាពលរដ្ឋ បើប្រទេសយើងមានមនុស្សពូកែច្រើន ធ្វើឱ្យប្រទេសមានការរីកចម្រើន យើងនឹងដើរដល់គោលដៅ។
លោកបន្តទៀតថា មន្ត្រីពាក់ព័ន្ធត្រូវមានមុខនៅតាមមណ្ឌលប្រលង នៅថ្ងៃទី ៨ តុលា នេះ សូមឱ្យនគរបាលចរាចរណ៍ផ្លូវគោកដកដៃចេញពីវិធានការត្រួតពិនិត្យការផាកពិន័យ ទៅជាការជួយសម្រួល និងដោះស្រាយការកកស្ទះចរាចរណ៌ ដោយប្រើប្រាស់កម្លាំងអន្តរាគមន៍របស់អាជ្ញាធរ ដេីម្បីជួយសម្របសម្រួលនៅពេលកកស្ទះតាមដងផ្លូវ ដេីម្បីឧ្យបេក្ខជនទៅប្រឡងឧ្យបានទាន់ពេលវេលា។ លោកបញ្ជាក់ទៀតថា ដោយឡែករថយន្តក្រុងនៅរក្សាខ្សែរត់ និងពេលវេលាដដែល ។ លោក កេីត ឆែ បានបញ្ជាក់ច្បាស់ថា ចំពោះការផ្ញេីកង់ម៉ូតូ នៅតាមមណ្ឌលប្រឡងមិនឱ្យបង់ប្រាក់ទេ ព្រោះរដ្ឋបាលរាជធានីភ្នំពេញ បានចេញប្រាក់ជំនួសហេីយ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ មានមណ្ឌលសំណេរ ចំនួន ៣២មណ្ឌល ស្មេីនឹង១០៣៧បន្ទប់ មានបេក្ខជន មានចំនួន ២៥៧៣៩នាក់ និងមណ្ឌលកំណែ ចំនួន ១០មណ្ឌល ។ លោកប្រធានមន្ទីរក្នុងចំណោមបេក្ខជនប្រឡងឆ្នាំនេះ មានបេក្ខជន ស្វ័យរិនមាន ចំនួន ៥៨៣៧នាក់ ជនពិការគរថ្លង់ ១៣នាក់ ។ សម្រាប់រាជធានីភ្នំពេញ បានជ្រើសយកវិទ្យាល័យ ព្រះស៊ីសុវត្ថិរក្សាសុវត្ថិភាពវិញ្ញាសា និងធ្វើកំណែវិញ្ញាសា ។
សូមបញ្ជាក់ថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ទូទាំងប្រទេស ត្រូវបានកំណត់ថ្នាក់ ៖ វិទ្យាសាស្ត្រ មាន ៧៣មណ្ឌល មាន ១៦១៦បន្ទប់ និងថ្នាក់ ៖ វិទ្យាសាស្ត្រសង្គម មាន ១៥៧មណ្ឌល មាន ៤០២០បន្ទប់ សរុបចំនួន២៣០មណ្ឌល ត្រូវជា ៥៦៣៦បន្ទប់។
ចំណែកកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ មានចំនួន ៥៨៧នាក់ បម្រុង ៦៤នាក់ អ្នកស្ម័គ្រចិត្ត ១០០នាក់៕