(ប៉ារីស)៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ ក្រោមអធិបតីភាពលោកស្រី អាន អ៉ីដាលហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងពីទីក្រុងប៉ារីស នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ថា កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF និងសហការី បានអញ្ជើញចូលរួមចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ ក្រោមអធិបតីភាពលោកស្រី អាន អ៉ីដាលហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅសាលប្រជុំសាលាក្រុងប៉ារីស ។

លោកស្រីអ្នកនាំពាក្យសាលារាជធានីបញ្ជាក់ទៀតថា៖ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ នេះប្រព្រឹត្ត ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈសំខាន់មួយចំនួន របស់សមាគមរួមមាន៖

១-អនុម័តរបាយការណ៍កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី ១០១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡូហ្សាន ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលក្នុងរបាយការណ៍នេះគឺ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាត សម្រេចបោះឆ្នោតបន្តអាណត្តិ ជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រ ឱ្យក្លាយជាអនុប្រធានការិយាល័យអចិន្ត្រៃយ៍របស់សមាគម AIMF និងសម្រេចរៀបចំមហាសន្និបាតនៃសមាគម AIMF ឆ្នាំ២០២៥ នៅទីក្រុងវ៉េ (Hué) នៅវៀតណាម នៅខែមេសា ឆ្នាំ២០២៥។

២-ក្រៅពីសមាគម ក៏បានពិនិត្យ និងពិភាក្សាលើខ្លឹមសារ ធ្វើវិសោធនកម្មលក្ខន្តិកៈ និងខ្លឹមសារបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ព្រមទាំង ការផ្លាស់ប្តូរមុខតំណែងអគ្គលេខាអចិន្រ្តៃយ៍ មកជា អគ្គប្រតិភូវិញ។

៣-ពិនិត្យលើសំណើសុំបង្កើតគណៈកម្មការមួយចំនួនរបស់សមាគម។

៤-ជាមួយគ្នានេះដែរ កិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍ក៏បាន ពិនិត្យ លើពាក្យស្នើសុំចូលជាសមាជិកថ្មីរបស់សមាគម។

៥-ចុងក្រោយគឺការរៀបចំប្រតិទិនការងារប្រចាំឆ្នាំ២០២៥ របស់សមាគម។

លោកស្រីបន្តថា៖ កិច្ចប្រជុំខាងលើ ត្រូវបានបញ្ចប់នាម៉ោង១៩និង៣០នាទីយប់ នាថ្ងៃដដែល ហើយគណៈប្រតិភូបានអញ្ជើញចូលរួមកម្មវិធី Gala Dinner ដែលរៀបចំដោយសមាគម AIMF៕