(ភ្នំពេញ)៖ បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ទទួលបាន និងតម្កល់ទុកប្រលោមលោករឿង «៣រាត្រី បំភ្លេចម្តេចបាន» ចំនួន ២ក្បាល ក្នុងគោលដៅបម្រើប្រយោជន៍សាធារណៈលើវិស័យអប់រំ។ សៀវភៅរឿងនេះ ត្រូវបានជូនបណ្ណាល័យរាជបណ្ឌិត្យកម្ពុជា តាមរយៈលោក យង់ ពៅ អគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភា នៅថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០២៤។
បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសំណេរលើបណ្តាញសង្គម បានឲ្យដឹងថា «រឿង "៣រាត្រី បំភ្លេចម្តេចបាន" ដែលជាស្នាដៃនិពន្ធរបស់ លោក កែវ ពិសិដ្ឋ (ហៅសេម) បេក្ខជនបណ្ឌិតជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបានបរិច្ចាគសៀវភៅរឿងប្រលោមលោក ដែលលោកនិពន្ធ ជូនបណ្ណាល័យរាជបណ្ឌិត្យកម្ពុជា ចំនួន ២ក្បាល តាមរយៈ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភា កាលពី ថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០២៤»។
បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា បានបន្តថា «តាងនាមបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា យើងខ្ញុំ សូមគោរពថ្លែងអំណរគុណ ជូនចំពោះលោក កែវ ពិសិដ្ឋ នូវសណ្តានចិត្តចែករំលែកនូវស្នាដៃនិពន្ធ ជូនដល់សាធារណជន និងអ្នកសិក្សាស្រាវជ្រាវបានសិក្សាឈ្វេងយល់។ សូមលោកជួបប្រទះនូវ ពុទ្ធពរទាំង ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបថា ប្រលោមលោក «៣រាត្រី បំភ្លេចម្តេចបាន» ដែលជាវណ្ណកម្មថ្មីមួយ ស្ថិតក្នុងចលនាខេមរនិយម ត្រូវបាននិពន្ធដោយអ្នកនិពន្ធវ័យក្មេង មានឈាមជ័រជាខ្មែរមួយរូប ឈ្មោះថា សេម។
រឿង «៣រាត្រី បំភ្លេចម្តេចបាន» តពីរឿង «៣រាត្រី» គឺជារឿងប្រតិដ្ឋមួយ ក្នុងចំណោមស្នាដៃជាច្រើនរបស់ស្មេរ កន្លងមកដែរ។ រឿងនេះ អ្នកនិពន្ធចង់លើកតម្លៃស្ត្រី ដែលធ្លាប់មានគ្រួសារ និងធ្លាប់មានកូន អាចយកស្វាមួយបានដោយសេចក្តីគោរពពីអ្នកផង ក្រោយពេលពួកគាត់ចែកផ្លូវគ្នា ឬស្វាមីមរណភាព។
លោក សេម បានលើកឡើងថា «តាំងពីក្មេងរហូតមកដល់ពេលនេះ ខ្ញុំបានអានសៀវភៅរាប់មិនអស់ និងរៀនសូត្រពីរបៀបគេតែងនិពន្ធផង ដែលវាធ្វើឱ្យខ្ញុំមានចំណង់ចំណូលចិត្តក្នុងការតែងនិពន្ធដែរ។ ការតែងនិពន្ធរបស់ខ្ញុំ ក៏ដើម្បីលើកស្ទួយវិស័យតែងនិពន្ធនៅកម្ពុជាផងដែរ ដោយអនុលោមច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ ចំពោះសៀវភៅនេះ ខ្ញុំបានបញ្ចូលកំណាព្យខ្លះផង ត្បិតខ្ញុំក៏ជាអ្នកចូលចិត្តលេងកាព្យឃ្លោងឃ្លា ពាក្យសំនួនចួនសម្តី»។
បើតាមលោក សេម ការបោះពុម្ពលើកទី១ តែងតែជួបប្រទះនូវចំណុចខ្វះខាតដោយ ជៀសពុំរួច ហេតុដូចនេះស្មេរសូមទទួលយកមតិរិះគន់ ដើម្បីកែលម្អ ជានិច្ច។ លោកសង្ឃឹមថារឿង «៣រាត្រី បំភ្លេចមិនបាន» នឹងក្លាយជាវត្ថុកម្សាន្តអារម្មណ៍របស់លោកអ្នក និងជាគ្រឿងលម្អក្នុងទូដាក់សៀវភៅរបស់លោកអ្នកជាក់ ជាពុំខាន។
លោក សេម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រី ឧកញ៉ា កែវ មុំ អភិបាល នៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៉ិនដាសទ្រី ខូលអិលធីឌី និងជាប្រធានក្រុមប្រឹក្សាភិបាលសភាមុខរបរ និងមីក្រូសហគ្រាស ព្រមទាំងលោក ឈឹម ធី អភិបាលរងស្រុកអង្គរបុរី ដែលបានឧបត្ថម្ភថវិកាមួយផ្នែកធំ ក្នុងការបោះពុម្ពសៀវភៅនេះ។ ជាមួយគ្នានេះ លោកសូមអរគុណ លោក រ័ត្ន សណ្តាប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកស្រី ឧកញ៉ា រ៉ូស សាលីន, លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអគ្គមហាឧបាសកពុទ្ធសាសនូបត្ថមក៍ កាន់ ណារិទ្ធ (ហៅលោកតា កស្សបៈ) និងអរគុណព្រះគុណដល់ ភិក្ខុអភិនន្ទោ កាត ចិន្តា សមណនិស្សិត នីតិសាស្ត្រ ព្រោះបើពុំមានការជួយជ្រោមជ្រែង នោះស្នាដៃនេះមិនអាចលេចរូបរាងឡើយ។
ជាចុងក្រោយ លោកសូមអរគុណដល់ លោក លឹម ជាវុត្ថា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News និងបណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ដែលបានគាំទ្រនិងលើកទឹកចិត្តដល់រូបលោក ចំពោះកិច្ចការតែងនិពន្ធដ៏មានន័យខ្លឹមសារនេះ ព្រមទាំងជួយលើកិច្ចការផ្សព្វផ្សាយផងដែរ។
ប្រលោមលោក «៣រាត្រី បំភ្លេចម្តេចបាន» គឺជាស្នាដៃទី៤ របស់អ្នកនិពន្ធ បន្ទាប់ពីរឿង «៣រាត្រី», រឿង «ជីវិតសាកលវិទ្យាល័យ៖ ចួបអ្នកច្បាប់ ចាប់អ្នករដ្ឋបាល» និងរឿង «ស៊ីហ្គេមភ្ជាប់និស្ស័យ» ដែលបានផ្សព្វផ្សាយ។ មិត្តអ្នកអាន ចង់ជាវសៀវភៅនេះ សូមទំនាក់ទំនងលេខទូរសព្ទ ០៩៦៦២០៣៣៦០ ឬទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «៣រាត្រី»៕