(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មេរៀនក្នុងសង្គមបច្ចុប្បន្ន ក៏ដូចជាមេរៀនពីអតីតកាល នៅពេលប្រជាជនជឿងប់ងល់នឹងបារមី កម្លាំងអមនុស្ស ឬអប្បិយជំនឿនោះនាំឱ្យមនុស្សទន់ខ្សោយ រដ្ឋទន់ខ្សោយ។ សម័យអាណានិគមនិយមបារាំង សម័យកាលផ្សេងទៀត ល្បីថាមានជំនឿកាប់មិនមុតដុតមិនឆេះ បារមីកៀងទ័ពខ្មោចជាដើម។ ប៉ុន្តែចុងក្រោយយើងកាន់តែរួញទឹកដី ខណៈប្រទេសក្បែរខាងកាន់តែរីក។
លោកបណ្ឌិតបានថ្លែងថា បារមី យើងអាចជឿ អាចគោរពប្រតិបត្តិតាមទំនៀមទម្លាប់ របៀបប្រពៃណី និងជាសីលធម៌ បានហើយ មិនគួរជឿរហូតដល់ភ្លេចអភិវឌ្ឍចំណេះដឹងវិទ្យាសាស្ត្រនោះទេ។
លោកបណ្ឌិត ក៏បានណែនាំសូមក្រឡេកមើលប្រទេសរីកចម្រើនលើសកលលោក តើគេរីកចម្រើនបានផ្អែកលើអ្វី? ប្រសិនបើយើងនៅតែទន់ខ្សោយ គេនៅតែមាក់ងាយ ជាន់ឈ្លី សូម្បីតែកម្មវិធីបវរកញ្ញាពិភពលោកថ្ងៃមុន ក៏គេមាក់ងាយខ្មែរដែរ។
ខ្ញុំតែងនិយាយថា «ក្រ ទន់ខ្សោយ មិនអាចរកយុត្តិធម៌បានទេ» គេតែងជេរខ្ញុំ ប៉ុន្តែខ្ញុំនៅតែប្រើសារដាស់តឿននេះដដែល។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិត យង់ ពៅ៕