(រតនគិរី)៖ ស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋជាង២០០នាក់ ដែលបានចុះមកទស្សនកិច្ចដោយផ្ទាល់នៅបង្គោព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ រវាងកម្ពុជា-វៀតណាម, ស្ត្រីចំណាស់ម្នាក់ដែលបានធ្វើដំណើរ ចម្ងាយរាប់រយគីឡូម៉ែត្រ បានបង្ហាញក្តីរំភើបស្ទើរស្រក់ទឹកភ្នែក និងលើកឡើងថា នេះជាលើកទី១ ដែលអ្នកស្រីបានមកលេង ហើយឃើញបង្គោលព្រំដែនផ្ទាល់ភ្នែក និងលែងព្រួយបារម្ភរឿងបាត់ទឹកដី ដូចពាក្យចចាមអារាម ទៀតហើយ។

ស្ត្រីរូបនេះបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំយល់ថា រាជរដ្ឋាភិបាលធ្វើនេះល្អ ត្រឹមត្រូវណាស់ ដែលឱ្យរាស្ត្រមកមើលបង្គោលព្រំដែននេះ ខ្ញុំរំភើប និងជាលើកទី១ ដែលខ្ញុំមកឃើញបង្គោលព្រំដែន ពីមុនមកមិនដែលឃើញទេ ខ្ញុំអត់ព្រួយទេ ព្រោះថាគ្មានអ្នកណាអាចដកបង្គោលព្រំដែនបានទេ ពេលខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងប្រាប់កូនចៅខ្ញុំ ថាស្ថានភាពព្រំដែន មិនមែនដូចពាក្យគេថានោះទេ»

មើលឃើញផ្ទាល់នឹងកែវភ្នែក, ស្រ្តីរូបនេះបានបញ្ជាក់ថា បង្គោលព្រំដែនដែលកំណត់ទឹកដីកម្ពុជា និងប្រទេសជិតខាង មិនមែនបង្គោលតូចៗ ហើយអាចដកបានងាយៗនោះទេ។ អ្នកស្រីសូមផ្តាំផ្ញើប្រជាពលរដ្ឋ ដែលមកទាន់ អញ្ជើញមកឃើញផ្ទាល់ បង្គោលព្រំដែន សូមកុំមានអារម្មណ៍ថាបាត់ទឹកដី ដូចបុគ្គលមួយចំនួនតូចបានផ្សព្វផ្សាយ ខណៈបង្គោលព្រំដែនត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំ ព្រមទាំងមានការយាមល្បាតជាប់ពីសំណាក់កងកម្លាំង ដែលឈរជើងការពារព្រំដែនទៀតផង។

ស្ត្រីវ័យចំណាស់រូបនេះ ក៏បានបង្ហាញក្តីសប្បាយពេលចុះទស្សនកិច្ចតាមបន្ទាត់ព្រំដែន ជាមួយបងប្អូនប្រជាពលរដ្ឋផ្សេងទៀត ជាពិសេសការរៀបចំទទួលបានយ៉ាងល្អពីសំណាក់ក្រុមការងារដែលរៀបចំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋទាំងអស់គ្នា៕

សូមស្តាប់មតិរបស់ប្រជាពលរដ្ឋដូចខាងក្រោម៖