(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌបឹងកេងកង។ វេទិការនេះ ធ្វើនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
ក្នុងវេទិកានេះ ប្រជាពលរដ្ឋក្រៅពីការអរគុណ ចំពោះអាជ្ញាធរហើយ ក៏មានប្រជាពលរដ្ឋលើកឡើងជាសំណើ និងសំណូមពរផ្ទាល់មាត់ ដើម្បីឱ្យអាជ្ញាធរ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ សុំប្តូរបង្គោលភ្លើងថ្មី ជាមួយនិងការសុំកាប់ដើមឈើពុកផុយផងដែរ។
ក្នុងឱកាសនោះលោក សុខ ពេញវុធ បានលើកឡើងថា រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ លោកស្នើឲ្យមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែង រួចសុំគោលការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជូនពួកគាត់។
លោក សុខ ពេញវុធ បានបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកមកដោះស្រាយពេលក្រោយ ពោល គឺអ្វីជាអាទិភាព ចាំបាច់ បន្ទាន់ៗ យើងនឹងដោះស្រាយមុនគេ ហើយអ្វីដែលនៅសេសសល់ យើងនឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍ ៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។
ថ្លែងក្នុងពិធីបិទវេទិការលោក ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែតុលា ខែវិច្ឆិកា និងខែធ្នូ ហើយសំរាប់ខណ្ឌនីមួយៗត្រូវធ្វើឡើង នៅមិថុនារាល់ឆ្នាំ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានដឹងលឺ និងរកយន្តការដោះស្រាយជូន។
លោកបានបន្តថា សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុច អសកម្មនារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឱ្យរដ្ឋបាលសាធារណៈ៕