(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយកក្រុមហ៊ុន Diamond Lucky Asia Co.,Ltd (DLA) បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពាណិជ្ជករទាំងអស់ សូមបន្ដការយកចិត្ដទុកដាក់ រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន និងឈានទៅមុខ។
ការអំពាវនាវបែបនេះធ្វើឡើងក្នុងឱកាសដែលឧកញ៉ាបណ្ឌិត ឆាយ សុធា អញ្ជើញចូលរួម ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុនចំនួន៨ ដែលមានក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូនេស៊ី និងចិន។
ពិធីនេះ បានរៀបចំធ្វើឡើង នៅការិយាល័យ ជាន់ទី១៦ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច មហាវិថី OCIC សង្កាត់គៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោក សេត មូហាំម៉ាត់ស៊ីស រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី, លោក វ៉ាន់ម៉ាត់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក កៅ ធឿន នាយកដ្ឋានទូទៅប្រចាំអាស៊ាន និងអ្នកវិនិយោគជាច្រើនទៀត ព្រមទាំងមានមន្រ្តីជាន់ខ្ពស់មកពីតំណាងស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជាផងដែរ។
ឧកញ៉ាបណ្ឌិត ឆាយ សុធា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងពាណិជ្ជករទាំងអស់ យកចិត្ដទុកដាក់ ជំរុញលទ្ធភាពពីបុគ្គលម្នាក់ៗ ទៅរួមគ្នា ដើម្បីឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា កាន់តែមានរីកចម្រើន និងឈានទៅមុខ»។
ទន្ទឹមគ្នានេះ ពាក់ព័ន្ធនឹងការ ចុះអនុស្សរណៈនៃការយោគយល់គ្នា ឧកញ៉ាបណ្ឌិត ឆាយ សុធា សង្ឃឹម និងជឿជាក់ថា ក្រោយពីចុះ MoU នេះរួចមក នឹងឈានទៅដល់ការវិនិយោគរួមគ្នា ជាមួយនឹងដៃគូបរទេស ដើម្បីផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រជាជន។
លោក Sary Maeursoty នាយកក្រុមហ៊ុន វីហ្សីវៀបេន ខេមបូឌា ខនស្រាក់សិនឯ.ក បានលើកឡើងថា ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន Diamond Lucky Asia Co.,Ltd (DLA) និងក្រុមហ៊ុនលោក គឺជាឱកាសដ៏ល្អ ក្នុងភាពជាដៃគូរល្អ ដើម្បីពិនិត្យមើលលើការវិនិយោគនៅកម្ពុជា សម្រាប់ការអភិវឌ្ឍន៍ផងដែរ។
លោកបានបន្ថែមថា ដោយមើលឃើញសក្តានុពលកម្ពុជា មានការអភិវឌ្ឍន៍លឿន ជាពិសេស កម្ពុជាមានសន្តិភាពល្អ ដែលអាចផ្តល់ឱកាសដល់ក្រុមហ៊ុនបរទេស មកអភិវឌ្ឍន៍ជាពិសេស ដៃគូរលោកនឹងត្រៀមខ្លួន ក្នុងការសហការជាមួយភាគីកម្ពុជា នៅពេលខាងមុខនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន, ការចុះអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងក្នុងគោលបំណងជំរុញសម្ព័ន្ធភាពជាយុទ្ធសាស្ត្រ និងស្វែងរកឱកាសវិនិយោគ លើវិស័យសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា។ ការចុះអនុស្សរណៈនៃការយោគយល់គ្នា នឹងផ្តោតលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖
* សំណង់៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ទីក្រុង។
* ប្រេង និងឧស្ម័ន៖ ស្វែងរកការបណ្តាក់ទុនថ្មី និងកែលម្អប្រតិបត្តិការដែលមានស្រាប់។
* ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៖ ការកសាង និងធ្វើឱ្យប្រសើរឡើងនូវបរិក្ខារសំខាន់ៗ។
* ថាមពលកកើតឡើងវិញ៖ ការវិនិយោគលើដំណោះស្រាយ ថាមពលប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយកាបូនឌីអុកស៊ីត។
* ទំនិញកែច្នៃ និងកសិកម្ម៖ ការជំរុញផលិតភាពកសិកម្ម និងសមត្ថភាពកែច្នៃ។
បន្ថែមពីលើចំណុចខាងលើ ក្រុមហ៊ុនក៏នឹងស្វែងរកឱកាសនៅក្នុង៖
* ផលិតកម្ម និងកែច្នៃកសិកម្ម៖ ការពង្រឹងបច្ចេកទេសកសិកម្ម និងវិធីសាស្ត្រកែច្នៃដើម្បីបង្កើនទិន្នផល និងគុណភាព។
* ទេសចរណ៍កសិ-ទេសចរណ៍៖ បង្កើតគំនិតផ្តួចផ្តើមទេសចរណ៍ ដែលបង្ហាញពីរបេតិកភណ្ឌកសិកម្មរបស់កម្ពុជា និងលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព
* ថាមពលកកើតឡើងវិញ ក្នុងវិស័យកសិកម្ម៖ ការអនុវត្តដំណោះស្រាយថាមពលកកើតឡើងវិញ ដើម្បីផ្តល់ថាមពលដល់ប្រតិបត្តិការកសិកម្ម កាត់បន្ថយការចំណាយ និងផលប៉ះពាល់បរិស្ថាន។
* ការថែទាំសុខភាព៖ ការអភិវឌ្ឍន៍កន្លែងថែទាំសុខភាពទំនើប និងសេវាកម្ម។
* ការអប់រំ៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអប់រំ និងកម្មវិធីដើម្បីបង្កើនអក្ខរកម្ម និងជំនាញ។
* បច្ចេកវិទ្យា និងការច្នៃប្រឌិត៖ គាំទ្រដល់ការចាប់ផ្តើមបច្ចេកវិទ្យា និងមជ្ឈមណ្ឌលច្នៃ ប្រឌិត ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល។
* វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសេដ្ឋកិច្ច៕