(តាកែវ)៖ បន្ទាប់ពីមានការបង្ហោះតាមបណ្ដាញសង្គម Facebook ដោយបង្ហាញវិក័យប័ត្រមួយសន្លឹករបស់ផ្ទះសំណាក់ «រស្មីមុនីវង្ស» នៅផ្សារអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បង្ហាញថា កូនសិស្សមកដេក២យប់រង់ចាំប្រឡងបាក់ឌុប អស់១៦០ដុល្លារនោះ, លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាអាជ្ញាធស្រុកត្រាំកក់ ឲ្យចុះទៅពិនិត្យភ្លាមៗ ថាតើរឿងនេះពិត ឬយ៉ាងណា?
ពាក់ព័ន្ធទៅនិងករណីនេះលោក វ៉ី សំណាង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា អាជ្ញាធរស្រុកត្រាំកក់ បានចុះទៅដល់ទីតាំងផ្ទះសំណាក់ និងបានរាយការណ៍មកថា តម្លៃផ្ទះសំណាក់ក្នុងមួយបន្ទប់២០ដុល្លារ សម្រាប់គ្រែ២ ដែលអាចស្នាក់នៅចំនួន៤នាក់ ប៉ុន្តែសិស្សានុសិស្សដែលមកស្នាក់នៅដើម្បីរង់ចាំការប្រឡង ពួកគាត់ស្នាក់នៅច្រើនគ្នារហូត១០នាក់ និងចូលស្នាក់ក់នៅថ្ងៃទី៧ ខែតុលា ព្រមទាំងមានការប្រើប្រាស់ភ្លើង និងទឹកច្រើន ដូច្នោះក៏មានការព្រមព្រៀងគ្នាឡើងថ្លៃបន្ថែម។
បើតាមលោកអភិបាលខេត្ត, នៅពេលអាជ្ញាធរចុះទៅជួបជាមួយម្ចាស់ផ្ទះសំណាក់, មន្រ្តីយើងបានស្នើឲ្យមានការបន្ធូបន្ថយតម្លៃផងដែរ ពោលអាជ្ញាធមិនព្រងើយកន្តើយពីបញ្ហានេះទេ យើងតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ កូនក្មួយដែលមកប្រឡងបាក់ឌុបទាំងអស់គ្នា។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការអប្បមាទកាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកអភិបាលខេត្តតាកែវ បានណែនាំអភិបាលក្រុងស្រុកឲ្យយកចិត្តទុកដាក់ និងតាមដានកុំឲ្យពួកឱកាសនិយមឆ្លៀតតម្លើងថ្លៃលើ តម្លៃម្ហូបអាហារជាពិសេសតម្លៃផ្ទះសំណាក់។ ការណែនាំរបស់លោកអភិបាលខេត្ត បន្ទាប់ពីមានការបង្ហោះការរិះគន់តម្លៃផ្ទះសំណាក់មួយនៅស្រុកសំរោងថា មានតម្លៃខ្ពស់ខណៈពេលដែលប្អូនៗសិស្សានុសិស្សទៅជួលស្នាក់នៅ៕