(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជាពិសេសនៅក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍គ្រោះធម្មជាតិ ជាពិសេសអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។
ការអំពាវនាវរបស់លោក កត្តា អ៊ន រដ្ឋលេខាធិការនៅពេលនេះ បន្ទាប់ពីសារព័ត៌មាន Bangkok Post បានចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ អំពីការព្រមានកម្រិតទឹកជំនន់ និងគ្រោះធម្មជាតិនៅទីក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ដែលបណ្ដាលឱ្យមានផលប៉ះពាល់នៅតំបន់ទំនាប។
លោករដ្ឋលេខាធិការ បានស្នើឱ្យពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ជាពិសេសនៅតាមបណ្តាខេត្តដែលប្រកាសអាសន្នដោយអាជ្ញាធរ អំពីគ្រោះធម្មជាតិទឹកជំនន់នៅពេលនេះសូមបន្តស្តាប់តាមការណែនាំរបស់អាជ្ញាធរថៃ និងសហការ ដើម្បីសុខសុវត្ថិភាព និងជៀសផុតពីគ្រោះថ្នាក់ដោយយថាហេតុណាមួយ។
បន្ថែមពីនេះ លោក កត្តា អ៊ន បានគូសបញ្ជាក់ថា គិតមកទល់ពេលនេះ ពុំទាន់មានពលករខ្មែរណាម្នាក់ត្រូវបានរកឃើញទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅប្រទេសថៃនៅឡើយទេ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍នៃគ្រោះទឹកជំនន់នេះ ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថាពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។
សូមជម្រាបដែរថា ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ (ហ្វេសប៊ុក៖ Royal Embassy of Cambodia in Bangkok) ឬ អនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ តាមរយៈលេខទូរសព្ទ +66 (0) 94 092 5905 , +66 (0) 94 416 5518៕