(ភ្នំពេញ)៖ របាយការណ៍ប្រចាំឆមាសរបស់ធនាគារពិភពលោក បាននិយាយនៅថ្ងៃនេះថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក (EAP) នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃទៀតលើពិភពលោកក្នុងឆ្នាំ២០២៤ ប៉ុន្តែនៅក្នុងសន្ទុះមួយយឺតជាង កាលមិនទាន់មានការផ្ទុះជំងឺរាតត្បាតសកល។
ក្នុងរបាយការណ៍ បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ធនាគារពិភពលោកព្យាករថា ក្នុងឆ្នាំ២០២៤ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកមានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៤.៨ភាគរយ ប៉ុន្តែអត្រានេះនឹងធ្លាក់មកនៅ ៤.៤ភាគរយវិញ ក្នុងឆ្នាំ២០២៥។
កំណើននៅប្រទេសចិន ដែលជាសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ ត្រូវបានព្យាករថានឹងធ្លាក់ចុះពី៤.៨ភាគរយ ក្នុងឆ្នាំនេះ មកនៅ៤.៣ភាគរយ ឆ្នាំក្រោយ ខណៈដែលទីផ្សារអចលនទ្រព្យនៅតែមានភាពទន់ខ្សោយរ៉ាំរ៉ៃ, តម្រូវការអ្នកប្រើប្រាស់ និងវិនិយោគិនខ្វះទំនុកចិត្ត អមដោយបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធមួយចំនួនទៀត ដូចជា ភាពចាស់ជរា និងភាពតានតឹង លើពិភពលោក។
កំណើនសេដ្ឋកិច្ចនៅផ្នែកផ្សេងទៀតក្នុងតំបន់នេះ ត្រូវបានព្យាករថា នឹងកើនឡើងពី ៤.៧ភាគរយ ក្នុងឆ្នាំនេះ ដល់៤.៩ភាគរយ នៅឆ្នាំក្រោយ ដោយសារអត្ថប្រយោជន៍ពីការកើនឡើង នៃការប្រើប្រាស់ក្នុងស្រុក, ការងើបឡើងវិញនៃការនាំចេញទំនិញ និងការស្ទុះងើបនៃវិស័យទេសចរណ៍។
នៅក្នុងចំណោមប្រទេសធំៗ មានតែឥណ្ឌូនេស៊ីទេដែលគេរំពឹងថា សេដ្ឋកិច្ចនៅឆ្នាំ២០២៤ និង ឆ្នាំ២០២៥ នឹងមានកំណើនត្រឹម ឬលើសពីកម្រិតមុនពេលមានជំងឺរាតត្បាតសកល។
ផ្ទុយទៅវិញ នៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម គេរំពឹងថាសេដ្ឋកិច្ចនឹងមានកំណើនក្នុងកម្រិតទាបជាងនៅឥណ្ឌូនេស៊ី។ រីឯនៅតាមប្រទេសកោះប៉ាស៊ីហ្វ៊ិក សេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើនបាន ៣,៥ភាគរយ ក្នុងឆ្នាំ២០២៤ និង ៣,៤ភាគរយ ក្នុងឆ្នាំ២០២៥ ដោយសារវិស័យទេសចរណ៍ស្ទុះងើបឡើងវិញ។ កំណើននៃការវិនិយោគនៅតែមានភាពទន់ខ្សោយនៅទូទាំងតំបន់។
លោកស្រី ម៉ានូអែឡា វ. ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បានថ្លែងថា «បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តដើរតួជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក។ យ៉ាងណាក៏ដោយ កំណើនកំពុងថមថយល្បឿន។ ដូច្នេះ ដើម្បីរក្សាបាននូវកំណើនរឹងមាំក្នុងរយៈពេលមធ្យម បណ្តាប្រទេសក្នុងតំបន់នេះ ត្រូវអន្តរសកម្មក្នុងការធ្វើទំនើបកម្ម និងកំណែទម្រង់សេដ្ឋកិច្ចរៀងៗខ្លួន ដើម្បីត្រាយផ្លូវសម្រាប់ដំណើរសេដ្ឋកិច្ចទៅមុខ ក្នុងកាលៈទេសៈដែលមានការប្រែប្រួលបែបផែនពាណិជ្ជកម្ម និងការផ្លាស់ប្តូរបច្ចេកវិទ្យា»។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចនេះ បានគូសរំលេចកត្តាបីយ៉ាង ដែលទំនងជាជះឥទ្ធិពលទៅលើកំណើនសេដ្ឋកិច្ចក្នុងតំបន់៖ ១) ការផ្លាស់ប្តូរលំនាំពាណិជ្ជកម្ម និងការវិនិយោគ, ២) កំណើនយឺតនៅក្នុងប្រទេសចិន, និង ៣) ការកើនឡើងនៃភាពមិនច្បាស់លាស់នៃគោលនយោបាយសកល។
ទីមួយ៖ ភាពតានតឹងពាណិជ្ជកម្មនាពេលថ្មីៗរវាងសហរដ្ឋអាមេរិក និងចិន បានបង្កឱកាសសម្រាប់ប្រទេសដូចជាវៀតណាម ឱ្យខិតខំពង្រឹងតួនាទីរបស់ខ្លួននៅក្នុងខ្សែច្រវាក់តម្លៃសកល ក្នុងការ «តភ្ជាប់» ដៃគូពាណិជ្ជកម្មសំខាន់ៗ។
ការលក់របស់ក្រុមហ៊ុនវៀតណាមដែលនាំចេញទៅសហរដ្ឋអាមេរិក បានកើនទំហំជិត ២៥ភាគរយ លឿនជាងក្រុមហ៊ុនដែលនាំចេញទៅកាន់គោលដៅផ្សេងទៀត ក្នុងចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ យ៉ាងណាក៏ដោយ ភស្តុតាងថ្មីៗបង្ហាញថា សេដ្ឋកិច្ចតាមបណ្តាប្រទេសប្រហែលជាអាចបានត្រឹមតែដើរតួជា «ឧបករណ៍តភ្ជាប់ឯកទិស» ប៉ុណ្ណោះ ដោយសារតែមានការរឹតត្បិតជាងមុននៅក្នុងវិធានថ្មីៗស្តីពីប្រភពដើមទំនិញ លើការនាំចូល និងការនាំចេញ។
ទីពីរ៖ ប្រទេសជិតខាងនៃប្រទេសចិន បានទទួលអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ចិន ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែទំហំនៃអត្ថប្រយោជន៍ដែលជាកម្លាំងរុញច្រានសេដ្ឋកិច្ចនោះ ពេលនេះ កំពុងរួមតូចជាងមុនហើយ។ ប្រទេសចិនបានសណ្តោងអូសប្រទេសផ្សេងទៀតតាមរយៈតម្រូវការនាំចូលរបស់ខ្លួន ប៉ុន្តែឥឡូវនេះ សេដ្ឋកិច្ចរបស់ចិនលូតលាស់យឺតជាង ផ.ស.ស នៃប្រទេសទាំងនោះទៅទៀត។ ការនាំចូលបានកើនឡើងត្រឹមតែ ២.៨ភាគរយ ប៉ុណ្ណោះក្នុងរយៈពេល ៧ខែដំបូង នៃឆ្នាំនេះ ធៀបទៅនឹងជិត ៦ភាគរយ ក្នុងមួយឆ្នាំក្នុងទសវត្សរ៍មុន។
ទីបី៖ ភាពមិនប្រាកដប្រជាសកលលោក អាចជះឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។ ក្រៅពីភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ភាពមិនច្បាស់លាស់កាន់តែខ្លាំងនៃគោលនយោបាយសេដ្ឋកិច្ច អាចកាត់បន្ថយផលិតកម្មឧស្សាហកម្ម និងតម្លៃភាគហ៊ុនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក រហូតដល់ ០,៥ភាគរយ និង ១ភាគរយ រៀងៗខ្លួន។
របាយការណ៍នេះ មានជំពូកផ្តោតពិសេសមួយដែលពិនិត្យមើលថាតើប្រទេសក្នុងតំបន់ អាចធ្វើដូចម្តេចខ្លះដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ សម្រាប់បង្កើតការងារសម្រាប់ ប្រជាជនរបស់ខ្លួន។ មនុស្សយន្តឧស្សាហកម្ម, បញ្ញាសិប្បនិម្មិត និងថ្នាលឌីជីថល កំពុងជះឥទ្ធិពលទៅលើទីផ្សារពលកម្មក្នុងតំបន់។
ចន្លោះឆ្នាំ២០១៨ និង ឆ្នាំ២០២២ ការប្រើប្រាស់មនុស្សយន្ត បានជួយបង្កើតការងារបានប្រមាណ ២លានកន្លែង (៤.៣%) សម្រាប់ពលករក្នុងប្រព័ន្ធដែលមានជំនាញ ដោយសារវាមានផលិតភាពខ្ពស់ និងទំហំផលិតកម្មកើនឡើង ព្រមទាំងដោយសារមានតម្រូវការជំនាញបំពេញបន្ថែមផងដែរ។ ប៉ុន្តែ មនុស្សយន្តក៏បានធ្វើឱ្យមនុស្សប្រមាណ ១.៤លាននាក់ (៣.៣%) នៃពលករក្នុងប្រព័ន្ធដែលមានជំនាញទាបនៅក្នុងប្រទេសអាស៊ានចំនួនប្រាំ បាត់បង់ការងារផងដែរ។
ដោយសារភាគច្រើនលើសលប់នៃការងារនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ជាការងារប្រើកម្លាំងផ្ទាល់, មានតែមួយភាគតូចប៉ុណ្ណោះនៃការងារក្នុងតំបន់ដែលរងការគំរាមកំហែងរបស់បញ្ញាសិប្បនិម្មិត បើធៀបទៅនឹងប្រទេសមានសេដ្ឋកិច្ចជឿនលឿន។ ប៉ុន្តែ តំបន់នេះក៏មិនទាន់ត្រៀមខ្លួនបានល្អដែរ សម្រាប់ទាញយកអត្ថប្រយោជន៍ផ្នែកផលិតភាពរបស់បញ្ញាសិប្បនិម្មិត ព្រោះមានការងារតែ ១០ភាគរយ ប៉ុណ្ណោះដែលពាក់ព័ន្ធនឹងការងារបំពេញបន្ថែមដល់បញ្ញាសិប្បនិម្មិត ធៀបទៅនឹងប្រហែល ៣០ភាគរយ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។
លោក អាឌិត្យា ម៉ាទូ (Aaditya Mattoo) ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បានថ្លែងថា «ពេលនេះ បែបផែនអភិវឌ្ឍន៍របស់តំបន់អាស៊ីបូព៌ា ដែលពឹងផ្អែកលើទីផ្សារពិភពលោកបើកចំហ និងផលិតកម្មប្រើប្រពលកម្ម កំពុងប្រឈមហានិភ័យបង្កដោយភាពតានតឹងពាណិជ្ជកម្ម និងបច្ចេកវិទ្យាថ្មីៗ។ ការឆ្លើយតបដ៏ប្រសើរបំផុត គឺធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ និងបំពាក់ឱ្យប្រជាជននូវជំនាញ និងលទ្ធភាពចល័តទី ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ»៕