(ភ្នំពេញ)៖ ក្រុមការងារសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ( ACU) ប្រចាំខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺជុំវិញការដកហូតរក្សាទុកបណ្តោះអាសន្ន នូវប្រអប់ក្រដាសជូតមាត់ និងនាឡិកាដៃ នៅមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តពោធិ៍សាត់។
ក្រុមការងារសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ក្រោយពីបានពិភាក្សាជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចំាខេត្តពោធិ៍សាត់ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖
១៖ នៅក្នុងអំឡុងពេលឆែកឆេរបេក្ខជនចូលក្នុងមណ្ឌលប្រឡង មានបេក្ខជនមកដល់ក្នុងពេលដំណាលគ្នាច្រើននាក់ ដែលជាហេតុធ្វើឱ្យអនុរក្សមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការហែកផ្ទៀងផ្ទាត់ត្រួតពិនិត្យមើលប្រអប់ក្រដាសជូតមាត់នោះ។ នៅពេលដែលបេក្ខជន ត្រូវចូលបន្ទប់ទឹក ឬត្រូវការក្រដាសប្រើប្រាស់ បេក្ខជនអាចមកយកប្រអប់ក្រដាសទាំងនោះទៅប្រើប្រាស់បាន។
២៖ ចំពោះនាឡិកាដៃ គឺអនុរក្សមានការលំបាកក្នុងការបែងចែកថាជាប្រភេទ smart watch ឬជាប្រភេទនាឡិកាដែលអាចភ្ជាប់ឧបករណ៍គិតលេខ ហើយពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្ទៀងផ្ទាត់ ទើបអនុរក្សសម្រេចដកហូតយកមករក្សាទុកជាបណ្តោះអាសន្ននូវនាឡិកាដៃទាំងនោះ។ បេក្ខជននឹងមកទទួលយកនាឡិកាដៃទាំងនោះត្រឡប់ទៅវិញនៅក្រោយពេលចប់ម៉ោងប្រឡង៕