(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាកោះហៅ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងថ្នាក់ដឹកនាំភ្លើងទៀន ២រូបទៀត ករណីប្រព្រឹត្តបទល្មើស រំលោភលើទំនុកចិត្ត។ នេះបើតាមដីកា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
សូមជម្រាបថា ក្រៅពីលោក ទាវ វណ្ណុល ថ្នាក់ដឹកនាំគណបក្សភ្លើងទៀត ចំនួន ២រូបទៀត ដែលត្រូវកោះហៅ គឺលោក សុក ហាច និងលោក គីមសួរ ភីរិទ្ធ។
ក្នុងដីកាកោះចំនួន ៣ផ្សេងគ្នា បានបញ្ជាក់ពីដំណើររឿងថា ដើមបណ្ដឹងមានឈ្មោះ យិន យឿន ភេទប្រុស កើតឆ្នាំ១៩៧៧ ដែលបានប្តឹងទៅលើឈ្មោះ តុល ប្រាសាទ ភេទប្រុស កើតឆ្នាំ១៩៧០ និងឈ្មោះ បាន រតនា ភេទប្រុស កើតឆ្នាំ១៩៨៤, ឈ្មោះ ចាន់ ចេង ភេទប្រុស កើតឆ្នាំ ១៩៥៧, ឈ្មោះ ឆយ សុថុន ភេទប្រុស កើតឆ្នាំ១៩៨១, ឈ្មោះ រិន រ៉ានី ភេទប្រុស កើតឆ្នាំ១៩៩០ និងឈ្មោះ ចេង ប៊ុនថន ភេទប្រុស កើតឆ្នាំ ១៩៨៥, ឈ្មោះ សុក ហាច ភេទប្រុស កើត្នឆ្នាំ ១៩៥៤, ឈ្មោះ គីមសួរ ភីរិទ្ធ ភេទប្រុស កើតឆ្នាំ១៩៥៩ និងឈ្មោះ ទាវ វណ្ណល ភេទប្រុស។
បើតាម ពាក្យបណ្តឹងតវ៉ារបស់ លោក យិន យឿន គឺបណ្តឹងនេះមានការពាក់ព័ន្ធនឹង ភាពមិនប្រក្រតីជាខ្លាំងក្នុងការផ្លាស់ប្តូរលេខរៀងបញ្ជីឈ្មោះបេក្ខជន ថ្នាក់ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សា (ស្រុក-ក្រុង) មួយចំនួន របស់គណបក្សភ្លើងទៀន នៅខេត្តកណ្តាល។
បើតាមដីកាតុលាការដដែល លោក សុក ហាច ត្រូវចូលបំភ្លឺនៅថ្ងៃទី៧ ខែតុលា, លោក គីមសួរ ភីរិទ្ធ ត្រូវចូលបំភ្លឺនៅថ្ងៃទី៨ ខែតុលា និងលោក ទាវ វណ្ណុល ត្រូវចូលបំភ្លឺនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤៕
ខាងក្រោមនេះជាដីកា៖