(ឧត្តរមានជ័យ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល រួមជាមួយលោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គិសនីកម្ពុជា និងតំណាងក្រុមហ៊ុន LYP Group របស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានចុះសួរសុខទុក្ខ សំណេះសំណាលជាមួយមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានកងថ្មើរជើងលេខ៤២ និងកម្លាំងនគរបាលចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប្រចាំទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។
គួរជម្រាបថា ការចុះសួរសុខទុក្ខកងទ័ព និងកងកម្លាំងនគរបាលនេះ គឺជាប្រពៃណីនៃការចុះសួរសុខទុក្ខជាប្រចាំរវាងស្ថាប័នស៉ីវិល និងអង្គភាពជួរមុខ ដែលត្រូវបានផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នាពិធីសំណេះសំណាលនោះ លោករដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងពីសភាពការណ៍ជាតិ តំបន់ និងអន្តរជាតិ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា ការបង្រួបបង្រួមជាតិ ការស្វែងរកសន្តិភាព និងការខិតខំអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពរីកចម្រើន ប្រជាពលរដ្ឋរស់នៅនិងប្រកបមុខរបរ-ការងារដោយភាពសុខសាន្ត។ កិច្ចខិតខំទាំងនេះ គឺជាសច្ចភាពប្រវត្តិសាស្ត្ររបស់កម្ពុជា បន្ទាប់ពីឆ្អែតឆ្អន់ក្នុងសង្គ្រាម៥០០ឆ្នាំមកនោះ។
លោករដ្ឋមន្ត្រីបានបន្តថា គ្រឹះនៃការអភិវឌ្ឍរបស់សម្ដេចតេជោ ហ៊ុន សែន កំពុងបន្តខិតខំកសាងបន្ថែមទៀតដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីពិភពលោកកំពុងជួបសភាពការណ៍តានតឹងខ្លាំងដោយសារសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន វិបត្តិសេដ្ឋកិច្ចពិភពលោក វិបត្តិជំងឺកូវីដ១៩ វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្ដី។
លើសពីនេះ លោករដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងពង្រឹងនិងពង្រីកសេដ្ឋកិច្ចជាតិ ដោះស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋកម្ពុជា ហើយនឹងឈានទៅបង្កើតមូលដ្ឋានគ្រឹះថ្មីសម្រាប់សេដ្ឋកិច្ច និងសង្គមជាតិ នាពេលអនាគត។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី កែវ រតនៈ ក៏បានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភមួយចំនួនជូនដល់បញ្ជាការដ្ឋានកងថ្មើរជើងលេខ៤២ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ សរុបជាទឹកប្រាក់មានចំនួនជាង៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕