(ភ្នំពេញ)៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សូមគោរពថ្លែងអំណរគុណដ៏ស្មោះស្ម័គ្របំផុតអស់ពីដួងចិត្ត ជូនចំពោះ សម្តេចតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱកាស សេចក្តីទុកចិត្តនិងការគាំទ្រលោក ក្នុងឱកាសទទួលបានការតែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី ដើម្បីបន្តចូលរួមបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។​

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានប្តេជ្ញាខិតខំបន្តបំពេញបេសកកម្មជាតិដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ ដោយដើរតាមមគ្គុទេសក៏ដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដែលក្នុងមួយជីវិត​ តែងតែតម្តល់ប្រយោជន៍ជាតិជារួម និងបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ភាពប៉ិនប្រសប់ និងបទពិសោធន៍ក្នុងការដឹកនាំរបស់ សម្តេចតេជោ​ ជាងបួនទស្សវត្សរ៍មកនេះ​ ដោះស្រាយនូវបញ្ហាធំៗរបស់ជាតិ នៅគ្រប់កាលៈទេសៈ ការពារបានយ៉ាងរឹងម៉ាំនូវបូរណភាពទឹកដី ប្រជាជនទទួលបានសុខដុមរមនីយកម្ម សន្តិភាព ស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ ដែលជាមូលដ្ឋានជំរុញឱ្យប្រទេសជាតិពង្រីកបាននូវកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រាបុត្រី ព្រមទាំងចៅប្រុសចៅស្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ។