(ភ្នំពេញ)៖ ក្នុងឳកាសអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ក្រោមប្រធានបទ «ស្រឡាញ់សុខភាពភ្នែកកូនអ្នក» ថៃ្ងព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីក្រសួងក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានផ្តល់សារណែនាំដល់ប្រជាពលរដ្ឋ ពិសេសអាណាព្យាបាលទាំងអស់ពីការថែរក្សាភ្នែករបស់កូនៗឲ្យបានល្អ។

តាមរយៈសារអំពាវនាវរបស់លោកសាស្ត្រាចារ្យ ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់នៃការថែទាំ និងការពារសុខភាពភ្នែក រួមមាន៖

១៖ សូមមាតាបិតា អាណាព្យាបាល និងគ្រូបង្រៀនគ្រប់រូប ត្រូវយកចិត្តទុកដាក់ផ្តល់អាទិភាពដល់សុខភាព
ភ្នែកកុមារ នៅក្នុងចំណោមបញ្ហាសុខភាពអាទិភាពសំខាន់ៗ ដទៃទៀត។ ដូច្នេះបញ្ហាគំហើញថយចុះ
របស់កុមារ ត្រូវបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា។

២៖ សូមមាតាបិតា ឬអាណាព្យាបាលគ្រប់រូបប្រញាប់រួសរាន់នាំបុត្រធីតារបស់លោកអ្នក ដែលសង្ស័យថាមានបញ្ហាភ្នែក ទៅពិនិត្យព្យាបាលជាមួយគ្រូពេទ្យជំនាញនៅតាមមណ្ឌលថែទាំភ្នែក ឬមន្ទីរពេទ្យ ដែលមានផ្តល់សេវាផ្នែកចក្ខុរោគនៅតាមរាជធានី ខេត្ត ក្រុង ឱ្យបានទាន់ពេលវេលា។

៣៖ ស្រឡាញ់ភ្នែកកូនលោកអ្នក គឺត្រូវនាំកូនៗរបស់អ្នក ទៅធ្វើតេស្តភ្នែករបស់ពួកគេជាមួយគ្រូពេទ្យ
ជំនាញ ដែលបង្ហាញពីការចូលរួមជាមួយមាតាបិតា និងអាណាព្យាបាលជុំវិញពិភពលោក ដែលកំពុង
ផ្តល់អាទិភាពដល់សុខភាពភ្នែកកូនរបស់ពួកគេ។

លើសពីនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តល់អាទិភាពដល់សុខភាពភ្នែករបស់កុមារ។

ជាងនេះទៅទៀតត្រូវលើកកម្ពស់ការយល់ដឹង ដោយបញ្ជ្រាបការថែទាំសុខភាពភ្នែក ក្នុងការថែទាំសុខភាពទូទៅរបស់កុមារ យើងទាំងអស់គ្នាដឹងហើយថា ការចុះខ្សោយគំហើញចំពោះកុមារដែល មិនបានកែតម្រូវឱ្យបានទាន់ពេលវេលា អាចនាំឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសិក្សារបស់ពួកគេ។ យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក និងទីភ្នាក់អន្តរជាតិសម្រាប់បង្ការភាពពិការភ្នែកកុមារដែលបានផ្តល់វ៉ែនតាកែតម្រូវគំហើញ អាចកាត់បន្ថយភាពបរាជ័យក្នុងការសិក្សាបានរហូតដល់ ៤៤%។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០០ អង្គការសុខភាពពិភពលោក សហការជាមួយទីភ្នាក់ងារអន្តរជាតិសម្រាប់បង្ការភាពពិការភ្នែក បានរៀបចំទិវាសុខភាពភ្នែកពិភពលោក នៅថៃ្ងព្រហស្បតិ៍សប្ដាហ៍ទី២ នៃខែតុលារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏តែងតែបានចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកជារៀងរាល់ឆ្នាំផងដែរ៕