(កំពង់ឆ្នាំង)៖ ពលរដ្ឋចំនួន៤គ្រួសារ ក្នុងឃុំសំរោងសែនស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ខូចខាតផ្ទះសម្បែង កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានទទួលអំណោយពីរដ្ឋបាលស្រុក និងអនុសាខាកាកបាទក្រហមស្រុកកំពង់លែង។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោកបានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងក្រុមការងារអនុសាខាកាកបាទក្រហមស្រុកកំពង់លែង ចុះយកអំណោយទៅផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ៤គ្រួសារ ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យខូចខាតផ្ទះសម្បែងរបស់ពួកគាត់ទាំង៤គ្រួសារ នៅក្នុងឃុំសំរោងសែន ស្រុកកំពង់លែង។
អំណោយដែលបានផ្ដល់ជូនពលរដ្ឋទាំង៤គ្រួសារខាងលើនេះក្នុងមួយគ្រួសារទទួលបានអង្ករ១បាវស្មើនឹង៣០គីឡូ ក្រាម, មី១កេស, ត្រីខ១យួរ, ទឹកសាអ៉ីវ១យួរ, ទឹកត្រី១យួរ, ឃីត១ឈុតមានភួយ១, មុង១, ក្រម៉ា១ និងថវិកាចំនួន ១០ម៉ឺនរៀល។
នៅក្នុងឱកាសនោះ អភិបាលស្រុកក៏បានផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលរស់នៅតាមជួរមាត់ទន្លេទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រយ័ត្នកូនចៅតូចៗចំពោះទឹកជំនន់ និងភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ជាដើម។
បច្ចុប្បន្ននេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជារបស់យើង ដែលបានរងឥទ្ធិពលខ្យល់ព្យុះពីតាមបណ្ដាប្រទេសជិតខាងបានធ្វើឲ្យប្រទេសកម្ពុជាយើងរងផលប៉ះពាល់ចំពោះគ្រោះធម្មជាតិនេះស្ទើរគ្រប់ទីកន្លែងផងដែរ៕