(កំពង់ធំ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដាក់ចេញគោលការណ៍៦ចំណុច ដើម្បីឲ្យមន្ដ្រីអនុវត្តការងារបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋ លើវិស័យដីធ្លីឲ្យបានល្អប្រសើរ។
លោកបានបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានកំណត់យកជាអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកទេសវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។ លោកបានរំលឹកឡើងវិញ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្រ្តីជំនាញទាំងអស់ ដែលបាននិងកំពុងអនុវត្តការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ដូចខាងក្រោម៖
*១៖ យកចិត្តទុកដាក់តាមដានរាល់ការណែនាំរបស់ក្រសួង និងរដ្ឋបាលខេត្តក្នុងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានចប់តាមផែនការក្នុងបំណាច់ ឆ្នាំ២០២៥ខាងមុខនេះ
*២៖ ចូលរួមជំរុញយន្តការគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត និងថ្នាក់ក្រុង-ស្រុក ដើម្បីបង្កើនប្រសិទ្ធភាពការងាររៀបចំដែនដី
*៣៖ ជំរុញការងារកំណត់តំបន់ទីប្រជុំជន និងការធ្វើផែនការប្រើប្រាស់ដីក្នុងទីប្រជុំជន
*៤៖ ជំរុញការងារដោះស្រាយវិវាទដីធ្លី តាមយន្តការគណៈកម្មាធិការសុរិយោដី ឲ្យបានល្អប្រសើរ ពិសេសត្រូវធ្វើផែនការដោះស្រាយវិវាទប្រចាំខែឆ្នាំ
*៥៖ បន្តកិច្ចសហការជាមួយគណៈកម្មាធិការ សម្បទានដីសង្គមកិច្ចថ្នាក់ជាតិ និងគណៈកម្មាធិការប្រើប្រាស់និងបែងចែកដីថ្នាក់ខេត្ត ដើម្បីអនុវត្តគម្រោង LASED III តាមផែនការគ្រោងទុក
*៦៖ បន្តពង្រឹងការចុះត្រួតពិនិត្យសំណង់ជាប្រចាំនិងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជំរុញឲ្យប្រជាពលរដ្ឋអនុវត្តតាមបទប្បញ្ញត្តិសំណង់។
ជាមួយគ្នានេះ លោក នួន ផារ័ត្ន សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ដ្រីរាជការទាំងអស់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តកំពង់ធំ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបំពេញការងារប្រកបដោយឆន្ទៈខ្ពស់ និងទទួលបានលទ្ធផលល្អ ហើយក៏សូមលើកទឹកចិត្តឲ្យបន្តខិតខំបំពេញកិច្ចការឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើសេវា និងឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ។
តាមការបញ្ជាក់ពីលោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានឲ្យដឹងថា ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចុះវាស់វែងប្រមូលទិន្នន័យលើក្បាលដីសរុបចំនួន ៣៦៤,៤៨៩ក្បាលដី ស្មើនឹង៣៩៧ភូមិ៦១ឃុំ/សង្កាត់ ១ក្រុង និង៨ស្រុក ក្នុងនោះមន្ទីរបាននិងកំពុងបន្តនីតិវិធីបិទផ្សាយជូនប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គិតចាប់ពីអនុវត្ត ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ទទួលបានលទ្ធផលដូចខាងក្រោម៖ វាស់វែងបានចំនួន ៣៦៤,៤៨៩ក្បាលដី ប្រមូលទិន្នន័យចំនួន៣៦១,៩០៩ក្បាលដី, បិទផ្សាយចប់ចំនួន៣២២,០៥៤ក្បាលដី, ចេញបណ្ណចំនួន៣១៣,០៨២បណ្ណ និងចែកបណ្ណចំនួន៣០៤,២៨៦បណ្ណ៕