(វៀងចន្ទន៍, ឡាវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវ៉ែលសេឡង់ បានបង្ហាញឆន្ទៈជំរុញការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែសកម្មថែមទៀត ជាពិសេសលើវិស័យកសិកម្ម។
ឆន្ទៈនេះត្រូវបានស្តែងឡើងក្នុងកិច្ចប្រជុំទ្វេភាគីធ្វើឡើងនារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ទីដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនោះ សម្ដេចមហាបវរធិបតីបានសម្ដែងការស្វាគមន៍ប្រកបដោយក្ដីសោមនស្សរីករាយដែលបានជួបប្រជុំទ្វេភាគីជាមួយលោក Christopher Luxon ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបលើកដំបូងកាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៉ន ប្រទេសអូស្រ្តាលី។
សម្តេចមហាបវរធិបតីបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ប្រទេសនូវ៉ែលសេឡង់ ក្នុងដំណេីរការស្វែងរកសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្ដិភាពកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ការចូលរួមបោសសម្អាតមីននៅកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់ជាដើម។
ថ្នាក់ដឹកនាំទាំងពីរបានបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពលមួយចំនួន រួមមាន៖ វិស័យអប់រំ កសិកម្ម ថាមពល ពាណិជ្ជកម្ម ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានបង្ហាញពីឆន្ទៈ ក្នុងការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសលើវិស័យកសិកម្ម។
ចំពោះវិស័យថាមពល ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីភាពប្រហាក់ប្រហែលគ្នា និងឈានមុខគេលើការប្រើប្រាស់ថាមពលស្អាត ដោយប្រទេសទាំងពីរប្ដេជ្ញាបន្តបង្កើនការប្រើប្រាស់ថាមពលស្អាតឱ្យកាន់តែច្រើនថែមទៀតនាថ្ងៃអនាគត។
ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ប្រមុខរដ្ឋាភិបាលទាំងពីរបានបង្ហាញនូវប្ដេជ្ញាចិត្តដើម្បីជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ការងារឱ្យក្រសួងការបរទេសនៃប្រទេសទាំងពឹរ ពិនិត្យលទ្ធភាពបង្កើតជាផ្លូវការនូវយន្តការពិគ្រោះយោបល់ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ។ ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានផ្លាស់ប្ដូរទស្សនទានគ្នាអំពីកិច្ចការតំបន់ និងអន្តរជាតិ ដោយផ្ដោតលើការថែរក្សាសុខសន្ដិភាព និងស្ថេរភាព ដែលជាកត្តាកំណត់នៃការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕