(ប៉េកាំង)៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ជំនួបលើកទី៤នៃបណ្តាថ្នាក់ដឹកនាំសមាគមមិត្តភាពរវាង ASEANជាមួយចិនត្រូវបានប្រារព្ធឡើង នៅទីស្នាក់ការកណ្តាលនៃសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស។ លោក Yang Wanming ប្រធានសមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស និងប្រធានសមាគមមិត្តភាពរបស់បណ្តាប្រទេស ASEAN ជាមួយចិនបានជួបប្រជុំពិភាក្សាពីសមិទ្ធផលនានា និងគោលដៅសម្រាប់ឆ្នាំ២០២៥។
ថ្លែងគាំទ្រប្រសាសន៍ របស់លោក Yang Wanming និងអង្គពិធីទាំងមូល ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងថា ក្នុងរយៈពេល៩ខែកន្លងមកនេះ ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងក្រោមកិច្ចសហការល្អជាមួយស្ថានទូតចិនប្រចាំកម្ពុជា សមាគមមិត្តភាពកម្ពុជា-ចិន បានរៀបវំដោយជោគជ័យ នូវបេសកកម្មការងារជាច្រើន ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាពដ៏ល្អ រវាងសមាគមមិត្តភាពនៃប្រទេសយើងទាំងពីរ។
ឯកឧត្តមប្រធានក៏បានរំលេចយ៉ាងច្បាស់ពីសន្តិភាព និងការអភិវឌ្ឍរបស់តំបន់អាស៊ាននិងចិន ដោយមិនអាចខ្វះបានពីទម្រដ៏រឹងមាំ នៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជនបានឡើយ។ ឯកឧត្តមក៏បានឆ្លៀតយកឱកាសនេះ លើកទឹកចិត្តដល់សមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស ចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីសក្តានុពលរបស់កម្ពុជា ទាក់ទាញដល់ទេសចរ និងវិនិយោគិនចិនកាន់តែច្រើន មករួមចំណែកបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅ ជូនដល់ប្រជាជនកម្ពុជា។
ឯកឧត្តមបានផ្តល់ទឡ្ហីករណ៍ពីការវិនិយោគនៅកម្ពុជា ពីវិនិយោគិនចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយកម្ពុជាទទួលបាន គម្រោងវិនិយោគចំនួន២៨ មានទុនវិនិយោគប្រមាណ ៤៤៣លានដុល្លារអាមេរិក នៅខែកញ្ញា ឆ្នាំ២០២៤។ អង្គពិធីទាំងមូល បានយល់ស្រប ជាមួយនិងប្រសាសន៍របស់ឯកឧត្តមប្រធាន ដោយបានឯកភាពគ្នាថា បណ្តាសមាគមមិត្តភាពរបស់ ASEAN និងចិន គឺជាវេទិកាដ៏ល្អក្នុងការប្រមូលផ្តុំ បណ្តាសង្គមស៊ីវិលក្នុងការរួមចំណែកលើសពី ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដោយផ្តល់ការរួមចំណែកបង្កើនការថែរក្សាសន្តិភាព វិបុលភាព និងរួមគ្មាកសាងសហគមន៍ ដែលមានជោគវាសនារួម រវាង ASEAN និងចិនថែមទៀតផង៕
វិទ្យុមិត្តភាពកម្ពុជាចិន