(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់គិតគូខ្ពស់ប្រកបដោយក្តីស្រលាញ់ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ពីសំណាក់លោកស្រី ជា ផល្គុន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងស.អ.យ និងជាឧត្តមភរិយាលោក ជា សុមេធី រដ្នមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោកស្រីប្រធានកិត្តិយស បានចាត់លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ ស.អ.យ.រាជធានីភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លាទាំងនេះ ចែករំលែកក្តីស្រលាញ់ ប្រគល់ជូនកូនៗក្នុងមណ្ឌលបុរីទារក និងកុមារជាតិ ព្រមទាំងការផ្តាំផ្ញើការសួរសុខទុក្ខ នឹករលឹក និងក្តីស្រលាញ់ ដល់កូនៗ បុគ្គលិក មន្ត្រីរាជការ ម៉ែមេដោះ ទាំងអស់ ដែលកំពុងបម្រើការងារ ក្នុងការមើលថែទាំកូនៗក្នុងមណ្ឌល។
អំណោយទាំងអស់រួមមាន៖ គ្រឿងឧបភោគ បរិភោគ ម៉្សៅទឹកដោះគោទារក សម្លៀកបំពាក់ថ្មីៗ ឧបករណ៍ប្រើប្រាស់ និងប្រដាប់ប្រដាររបស់ក្មេងលេងមួយចំនួនធំ។
លោកស្រី មុំ ចាន់ដានី បានថ្លែងថា «យើងខ្ញុំទាំងអស់គ្នា សូមលើកម្រាមដៃដប់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធិពរជ័យ សិរីសួស្តីបវរមហាប្រសើរគោរពជូនចំពោះលោកជំទាវ ជា ផល្គុន និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ ព្រមទាំងបុត្រា-បុត្រី និងក្រុមគ្រួសារ សូមសមប្រកបនូវសុខភាពល្អបរិបូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីជាម្លប់ក្នុងការ គ្រប់គ្រង ដឹកនាំការអភិវឌ្ឍលើកិច្ចការងាររបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យកាន់រីកចម្រើន និងសុខុដុមរមនា ព្រមទាំងទទួលបាននូវ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕