(ភ្នំពេញ)៖ ក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ២០២៤។
ក្នុងឱកាសនេះផងដែរ អ្នកឧកញ៉ា គិត ម៉េង បានទទួលពានរង្វាន់សមិទ្ធិផលមួយជិវិតប្រចាំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលអ្នកឧកញ៉ា បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រ និងជំរុញធុរកិច្ចអាស៊ាន។
ពានរង្វាន់ធុរកិច្ចអាស៊ាននេះធ្វើឡើងដើម្បីលើកទឹកចិត្តដល់អាជីវកម្មឆ្នើមប្រចាំអាស៊ាន និងឥស្សរជនឆ្នើមដែលបានរួមចំណែកដល់ការរីកចម្រើន និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន។
សូមជំរាបថា កម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ជាគំនិតផ្តួចផ្តើមដោយ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន កាលពីឆ្នាំ ២០០៧ និងបានប្រគល់ពានរង្វាន់ធុរកិច្ចអាស៊ានជូន អាជីវកម្មឆ្នើម រហូតដល់ ២៥០ ពានរង្វាន់៕