(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងណែនាំដល់មន្ត្រីនូវចំណុចចំនួន៣ មុននឹងដាក់ឯកសារសេចក្តីព្រាង ទៅក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័ត។
ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិក គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសជាច្រើនរូបទៀត។
លោក គីម រិទ្ធី បានលើកឡើងថា គោលបំណង សំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងឯកសារចំនួន៣ មុននឹងដាក់ទៅក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត។
ឯកសារចំនួន៣រួមមាន៖
* សេចក្តីព្រាងប្រតិទិនសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្តព្រះវិហារ។
* សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់កសាង ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្តព្រះវិហារ។
* សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តព្រះវិហារ។
លើសពីនេះទៅទៀតកិច្ចប្រជុំ ក៏បានពិនិត្យ និងពិភាក្សាលើឯកសារពាក់ព័ន្ធនានា ស្តីពីការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ព្រមទាំងពិនិត្យ និងពិភាក្សាលើការងារត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូក «ង» នៅក្នុងឱកាសនៃការអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ៕