(វ៉ាស៊ីនតោន)៖ យោធាចិនអាចធ្វើឱ្យតៃវ៉ាន់ឯកោ បំផ្លាញសេដ្ឋកិច្ចរបស់តៃវ៉ាន់ និងធ្វើឱ្យដែនកោះប្រជាធិបតេយ្យមួយនេះសុំចុះចាញ់គណបក្សកម្មុយនិស្ដចិន ដោយមិនចាំបាច់ ចំណាយគ្រាប់កាំភ្លើង។ នេះជាការព្រមានរបស់វិទ្យាស្ថានស្រាវជ្រាវដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក។ ការព្រួយបារម្ភពីលទ្ធភាពដែលចិនអាចនឹងប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់ បានកើនឡើងជាលំដាប់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលលោកប្រធានាធិបតី ស៊ី ជីនពីងបានបញ្ជាឱ្យយោធាចិនបង្កើនសកម្មភាពយោធានៅជុំវិញតៃវ៉ាន់ ស្ទើរតែជាប្រចាំ។
ជាក់ស្ដែង នៅថ្ងៃចន្ទ ទី១៤ ខែតុលានេះ ចិនបានដឹកនាំការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ជាមួយការបញ្ជូនយន្ដហោះ និងនាវាចម្បាំងដើម្បីហាត់សមឡោមព័ទ្ធកោះតៃវ៉ាន់ ដោយមិនបានបញ្ជាក់ថាសមយុទ្ធនេះនឹងបញ្ចប់នៅពេលណាឡើយ។ តាមក្រសួងការពារជាតិចិន សមយុទ្ធដែលមានឈ្មោះថា «Joint Sword-2024B» មានគោលដៅធ្វើតេស្ដលើ សមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា នៃទីបញ្ជាការប្រចាំភូមិភាគនីមួយៗទាំងអស់របស់ចិន។ សមយុទ្ធនេះបានប្រព្រឹត្តទៅនៅក្នុងតំបន់ភាគខាងជើង ភាគខាងត្បូង និងភាគខាងកើត នៃកោះតៃវ៉ាន់ ដោយផ្ដោតលើការត្រៀមលក្ខណៈប្រយុទ្ធទាំងផ្លូវអាកាស និងផ្លូវទឹក ការបិទខ្ទប់កំពង់ផែ និងទីតាំងសំខាន់ៗ។
សមយុទ្ធយោធារបស់ចិន ត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ បាននិយាយនៅក្នុងសុន្ទករថានាឱកាសថ្ងៃបុណ្យជាតិតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថានឹងការពារ អធិបតេយ្យតៃវ៉ាន់ ហើយទទូចថាប៉េកាំង និងតៃប៉ិ មិនមែនចំណុះឱ្យគ្នាទៅវិញទៅមកនោះទេ។ ប៉េកាំងបាននិយាយថាសមយុទ្ធរបស់ខ្លួន គឺជាសារព្រមានមួយទៅកាន់ជនផ្ដាច់ខ្លួន ដែលប៉ុនប៉ងចង់បំបែកតៃវ៉ាន់ចេញពីចិន។ ក្រុមអ្នកវិភាគយោធា និងយុទ្ធសាស្ត្របានផ្តោតជាយូរណាស់មកហើយលើជម្រើស២ដែលចិនអាចនឹងប្រើដើម្បីគ្រប់គ្រងតៃវ៉ាន់ នោះគឺការធ្វើ «សង្រ្គាមទ្រង់ទ្រាយធំ ឬការបិទខ្ទប់»។ ក៏ប៉ុន្តែ មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បានព្រមានថាចិននៅមាន «ជម្រើសទី៣» មួយទៀត ដែលនឹងកាន់តែធ្វើឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកពិបាកទប់ទល់ នោះគឺ «ការធ្វើចត្តាឡស័ក»។ ពាក្យចត្តាឡីស័កអាចធ្វើឱ្យគេច្រឡំគ្នាទៅនឹង ពាក្យ «បិទខ្ទប់»។ តែនៅក្នុងន័យយុទ្ធសាស្ត្រ ចត្តាឡីស័កចង់សំដៅលើប្រតិបត្តិការដឹកនាំការអនុវត្តច្បាប់ដើម្បីគ្រប់គ្រងដែនសមុទ្រ ឬចរាចរណ៍ផ្លូវអាកាស នៅទីតាំងជាក់លាក់មួយ ខណៈការបិទខ្ទប់ត្រូវបានចាត់ទុកថាជាសកម្មភាពយោធា។
* ហេតុអ្វីចិនអាចនឹងជ្រើសរើសធ្វើចត្តាឡីស័កតៃវ៉ាន់?
ការធ្វើចត្តាឡីស័កតៃវ៉ាន់ អាចនឹងត្រូវបានចាត់ទុកថាជាទង្វើបង្កើនការសម្លុតគំរាមប្រឆាំងដែនកោះមួយនេះ ប៉ុន្តែវិធីសាស្ត្រមួយនេះផ្ដល់អត្ថាប្រយោជន៍ជាច្រើនដល់ចិន។ ទីមួយ៖ ការធ្វើចត្តាឡីស័ក នឹងអនុញ្ញាតឱ្យចិនអនុវត្តការគ្រប់គ្រងនយោបាយ និងរដ្ឋបាលយ៉ាងទូលំទូលាយលើតៃវ៉ាន់។ កិច្ចប្រឹងប្រែងរបស់ចិន ដើម្បីរឹតត្បិតចរាចរណ៍តាមផ្លូវទឹក និងអាកាស ចូលទៅកាន់តៃវ៉ាន់ អាចអនុញ្ញាតឱ្យចិនបញ្ជាក់ពីការអះអាងអធិបតេយ្យ ហើយបង្ហាញថាតៃវ៉ាន់មិនមានសិទ្ធិគ្រប់គ្រងលើដែនអធិបតេយ្យខ្លួនឯងនោះទេ។ នេះអាចនឹងបំផ្លាញ សមត្ថភាពរបស់តៃប៉ិ ក្នុងការដឹកនាំដោយខ្លួនឯង និងលុបបំបាត់នូវជំនឿចិត្តរបស់ប្រជាជនតៃវ៉ាន់ចំពោះយោធា និងឆ្មាំសមុទ្ររបស់តៃវ៉ាន់។
ទី២៖ ចិនអាចនឹងប្រើប្រាស់ការធ្វើចត្តាឡីស័កដើម្បីជ្រៀតជ្រែកចូលនយោបាយក្នុងស្រុករបស់តៃវ៉ាន់ តាមរយៈការរឹតត្បិត ឬធ្វើឱ្យសេដ្ឋកិច្ចរបស់តៃវ៉ាន់ចលាចល។ ប្រសិនបើចិនអាច ធ្វើឱ្យសេដ្ឋកិច្ចតៃវ៉ាន់ចលាចលរយៈពេលវែង នោះប្រជាជនតៃវ៉ាន់អាចនឹងខឹងសម្បារលើមេដឹកនាំរបស់ពួកគេថាអសមត្ថភាព។ រឿងបែបនេះអាចនឹងធ្វើឱ្យរដ្ឋាភិបាលតៃវ៉ាន់បាត់បង់ ការគាំទ្រ ឬក៏បង្កើនសម្ពាធនយោបាយបង្ខំឱ្យមេដឹកនាំរបស់តៃវ៉ាន់ ធ្វើកិច្ចចរចា ឬស្ដារទំនាក់ទំនងជាមួយប៉េកាំង។
ទី៣៖ ការធ្វើចត្តាឡីស័កមានវិសាលភាពតូចជាងការបិទខ្ទប់ ឬប្រតិបត្តិការយោធាដទៃទៀត ហើយម្យ៉ាង ការធ្វើចត្តាឡីស័កណាមួយរបស់ឆ្មាំសមុទ្រចិន គឺមិនមែនជាការប្រកាសសង្រ្គាម ប្រឆាំងតៃវ៉ាន់ទេ។ ក៏ព្រោះតែចត្តាឡីស័កមិនតម្រូវឱ្យកងទ័ពរំដោះប្រជាជនចិនចេញមុខធ្វើសកម្មភាពដោយបើកចំហនោះទេ ដែលនេះមានន័យថាវាមានហានិភ័យទាបនាំទៅរកជម្លោះ យោធាដោយផ្ទាល់។ ប្រសិនបើការធ្វើចត្តាឡីស័កធ្វើឱ្យគេមើលទៅត្រឹមជាប្រតិបត្តិការអនុវត្តច្បាប់ នោះចិនអាចប្រកាសយ៉ាងងាយស្រួលពីការបិទបញ្ចប់ប្រតិបត្តិការ និងអះអាងពីកម្មវត្ថុ ដែលខ្លួនសម្រេចបាន នៅគ្រប់វេលា។ មិនតែប៉ុណ្ណោះ ចិនអាចជ្រើសរើសយកការកំណត់គោលដៅលើគោលដៅដែលខ្លួនចង់ ឬចត្តាឡីស័កអាចមានវិសាលភាពគ្របដណ្ដប់ចាប់ពី ចរាចរណ៍ផ្លូវទឹក និងផ្លូវអាកាសចូលទៅកាន់តៃវ៉ាន់។
ទី៤៖ ជាមួយការធ្វើចត្តាឡីស័ក ចិនមិនទាន់ប្រើកម្លាំងបាយ ដោយគ្រាន់តែប្រកាសពីបំណង និងសមត្ថភាពមួយចំនួនក៏អាចបង្កការរំខានដល់លំហូរពាណិជ្ជកម្មចូលទៅកាន់តៃវ៉ាន់ផងដែរ។ ការប្រកាសពីការផ្លាស់ប្ដូរណាមួយនៅក្នុងគោលនយោបាយចិន ឬការចាប់ផ្ដើមសកម្មភាពអនុវត្តច្បាប់ អាចនឹងជះឥទ្ធិពល ឬធ្វើឱ្យក្រុមហ៊ុននានាមានការភ័យខ្លាច ក្នុងការវិនិយោគ ឬធ្វើប្រតិបត្តិការអាជីវកម្មរបស់ពួកគេនៅតៃវ៉ាន់។ ដូចគ្នាដែរ ការបង្ហាញពីបំណងរបស់ចិន ក្នុងការរឹបអូសកប៉ាល់ដែលបំពានលើវិធានការដែលខ្លួនប្រកាសឱ្យអនុវត្ត នឹងកាន់តែធ្វើឱ្យ បណ្ដាក្រុមហ៊ុនមានការព្រួយបារម្ភ។ បើតាម CSIS បណ្ដាក្រុមហ៊ុនអាកាសចរណ៍ និងកប៉ាល់ភាគច្រើនអាចនឹងអនុវត្តតាមសេចក្ដីប្រកាសរបស់ប៉េកាំង ហើយបើទោះជាក្រុមហ៊ុនខ្លះ មិនគោរពតាមក៏ដោយ ឱ្យតែក្រុមហ៊ុនភាគច្រើនគោរពតាម នោះវានឹងជួយពង្រឹងការអះអាងរបស់ចិនដែលថាខ្លួនមានសិទ្ធិអំណាចគ្រប់គ្រងលើតៃវ៉ាន់។
ចុងក្រោយគេ៖ ការប្រើប្រាស់ឆ្មាំសមុទ្រ និងការអនុវត្តច្បាប់ស៊ីវិលធម្មតា អាចនឹងធ្វើឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក ជួបភាពស្មុគស្មាញក្នុងការចាត់វិធានការឆ្លើយតប។ ការធ្វើចត្តាឡីស័កមិនតម្រូវឱ្យមានការបិទខ្ទប់ ឬការរឹតត្បិតការធ្វើចរាចរណ៍អន្តរជាតិឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ជាសកម្មភាពមួយដែលប្រទេសដទៃអាចប្រើប្រាស់ជាហេតុផលដើម្បី ធ្វើអន្តរាគមន៍ជួយតៃវ៉ាន់ និងការពារសិទ្ធស្របច្បាប់អន្តរជាតិដើម្បីសេរីភាពនៃការធ្វើនាវាចរណ៍ នោះឡើយ។
គួរបញ្ជាក់ថា នៅក្នុងការស្ទង់មតិពីក្រុមអ្នកជំនាញមកពីសហរដ្ឋអាមេរិក និងតៃវ៉ាន់ ក្នុងឆ្នាំ២០២៤ China Power Project របស់បានរកឃើញថាអ្នកជំនាញភាគច្រើនមានការសង្ស័យ ចំពោះឆន្ទៈរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងការធ្វើអន្តរាគមន៍ ក្នុងករណីចិនធ្វើចត្តាឡីស័កតៃវ៉ាន់។ មានតែ១៣ភាគរយនៃអ្នកជំនាញអាមេរិក និង៩ភាគរយនៃ អ្នកជំនាញតៃវ៉ាន់ប៉ុណ្ណោះ ដែលជឿជាក់ទាំងស្រុងថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាដើម្បីការពារតៃវ៉ាន់ពីការធ្វើចត្តាឡីស័ក។ ភាគរយកាន់តែតិចជាងនេះទៅទៀតដែលជឿថា សម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ នឹងគាំទ្រដល់ការធ្វើអន្តរាគមន៍យោធាពហុជាតិសាសន៍ដឹកនាំដោយសហរដ្ឋអាមេរិក៕