(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក លីវ មីងលីង (Liu Minglin) ប្រធានក្រុមហ៊ុន Yunnan Provincial Investment Holding Group (YIG) ដែលជាក្រុមហ៊ុនមេរបស់ព្រលានយន្តហោះអន្តរជាតិអង្គរ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។
កិច្ចពិភាក្សានេះធ្វើឡើងនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។
ភាគីទាំងពីរបានពិភាក្សាពីការទាក់ទាញភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន និងមានសន្ទុះឡើងវិញ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេសគំរោងរបស់ក្រុមហ៊ុនក្នុងបណ្តាក់ទុនបន្ថែម ដើម្បីអភិវឌ្ឍតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិអង្គរឱ្យក្លាយជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចម្រុះ ក៏ដូចជាការអភិវឌ្ឍផលិតផលទេសចរណ៍បន្ថែមថ្មីទៀត៕