(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Mahesh Uttamchandani នាយកផ្នែកអនុវត្តសម្រាប់ការអភិវឌ្ឍឌីជីថលនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ប៉ាស៊ីហ្វិក ព្រមទាំងសហការី នៅទីស្តីការក្រសួង ក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជម្រាបជូន លោកនាយកផ្នែក អំពីវឌ្ឍនភាពការធ្វើបរិវត្តកម្មឌីជីថល ក្នុងរាជរដ្ឋាភិបាលដោយផ្តោតសំខាន់ លើការផ្តល់សេវាសាធារណៈ ព្រមទាំងបង្ហាញការស្វាគមន៍ ចំពោះការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់ធនាគារពិភពលោក ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ តាមរយៈការស្ថាបនាបង្គោលអង់តែន និងការតភ្ជាប់បណ្តាញខ្សែកាបអុបទិច និងគម្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យ៕