(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូក្រសួង គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១២ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៤) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប វិមានឯករាជ្យ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា និងសូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ធិក្នុងព្រះបរមសុគតិភពដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត៕