(ភ្នំពេញ)៖ លោក ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាជាមួយទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលស្គាល់ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិជនមានពិការភាព សមភាពយេនឌ័រ និងការទទួលយកអនុសាសន៍ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ, នៅចំពោះឯកអគ្គរដ្ឋទូតអូស្ត្រាលី, ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងអំពីការងារសំខាន់ៗរបស់ គ.ស.ម.ក. ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។ ក្នុងនោះនៅថ្នាក់ជាតិ គ.ស.ម.ក. បានធ្វើការអប់រំ និងផ្សព្វផ្សាយច្បាប់សិទ្ធិមនុស្សអន្តរជាតិ ការទទួលស៊ើបអង្កត និងដោះស្រាយពាក្យបណ្តឹង ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេស និងការផ្តល់មេធាវីស្ម័គ្រដោយឥតគិតថ្លៃដល់ជនរងគ្រោះដែលគ្មានទីពឹង ឬជាជនក្រីក្រជាដើម។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបន្តថា ចំពោះថ្នាក់តំបន់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺជាតំណាងប្រទេសកម្ពុជា នៅក្នុងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR)។ រីឯនៅថ្នាក់អន្តរជាតិ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទួលបន្ទុកសរសេររបាយការណ៍សិទ្ធិមនុស្សជាតិចំនួនប្រាំ សម្រាប់ផ្ញើទៅយន្តការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ និងមានតួនាទីក្នុងការដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមនៅក្នុងដំណើរការនៃការពិនិត្យរបាយការណ៍ទាំងនេះ។
ទន្ទឹមនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានគូសបញ្ជាក់ពីប្រទេសជាដៃគូសន្ទនារបស់ គ.ស.ម.ក. រួមមាន ជប៉ុន កាណាដា ស៊ុយអែត អង់គ្លេស អាល្លឺម៉ង់ បារាំង សហភាពអឺរ៉ុបជាដើម។
ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ស្ថានទូតអូស្ត្រាលី ដែលតែងតែផ្ដល់នូវកិច្ចសហការល្អជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដូចជាការជួយជ្រោមជ្រែង នៅក្នុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI) តាមរយៈវេទិកាអាស៊ីប៉ាស៊ីហ្វិក (APF) និងការលើកកម្ពស់និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ ឯកអគ្គរាជទូតអូស្ត្រាលី បានកត់សម្គាល់ពីទំនាក់ទំនងយូរអង្វែង ដែលមានមូលដ្ឋានគ្រឹះរឹងមាំរវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី និងបានបង្ហាញពីបំណងក្នុងការបន្តពងរឹងកិច្ចសហប្រតិបត្តិការនេះកាន់តែប្រសើរឡើងថែមទៀត។
ឯកអគ្គរដ្ឋទូតរូបនេះ ក៏បានសាកសួរពីវឌ្ឍនភាពរបស់សេចក្តីព្រាងច្បាប់ស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស និងលើកឡើងពីលំហនៃសិទ្ធិពលរដ្ឋ និងនយោបាយ ក៏ដូចជាសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន។ ដែលក្នុងនោះលោកក៏បានលើកឡើងពីករណីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា ករណីមាតាធម្មជាតិ និងករណីការចាប់ខ្លួនបុគ្គលមួយចំនួនដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) 1
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្ដីពីស្ថាប័នជាតិសិទ្ធិមនុស្ស បានដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រីរួចរាល់ហើយ និងបានគូសបញ្ជាក់ពីថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បាននឹងកំពុងអនុវត្តយ៉ាងមមាញឹកនូវកម្មវិធីគោលនយោបាលអាទិភាពទាំង៦ ជាពិសេសការពង្រឹងសេវាគាំពារសង្គម។
ឆ្លៀតក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានពន្យល់អំពីការចាប់ខ្លួនបុគ្គលមួយចំនួន ដែលជាមេក្លោងក្នុងការប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ករណីមាតាធម្មជាតិ ករណីប្រវត្តិនៃការធ្វើកុប្បកម្មឆ្នាំ២០១៣ នៅកម្ពុជា និងករណីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា៕