(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងថា ការបើកផ្លូវឲ្យបានធំទូលាយ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងងាយស្រួលក្នុងការធ្វើដំណើរ។
លោក សាយ គឹមឡម បានថ្លែងដូច្នេះ នៅក្នុងពិធីបើកផ្លូវមួយខ្សែនៅក្នុងចំណុចភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
លោកបានកោតសរសើរ និងថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវដែលមានការយោគយល់ អធ្យាស្រ័យ លះបង់និងចូលរួមសហការ មួយអាជ្ញាធរក្នុងការបើកផ្លូវនេះ ក៏ដូចជាអភិវឌ្ឍមូលដ្ឋានឲ្យបានកាន់តែរីកចម្រើនឡើង។
លោក សាយ គឹមឡម បានជំរុញអាជ្ញាធរឃុំពាក់ព័ន្ធសូមតាមដាន និងសហការឲ្យបានល្អនិងស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ក្រុមហ៊ុនដែលកំពងុងសាងសង់ផ្លូវ ដើម្បីឲ្យដំណើរការសាងសង់ផ្លូវនេះ ប្រកបដោយប្រសិទ្ធភាពនិងគុណភាព។
លោកបានបញ្ជាក់ថា «នេះជាផ្លូវអន្តរឃុំទៅឃុំចំណាលើ និងឃុំផ្សេងទៀតនៅក្នុងស្រុកស្ទោងដែលជាផ្លូវបេតុង ទទឹង ៥ម៉ែត្រ និងមានប្រវែង១១គីឡូម៉ែត្រ»។
ទន្ទឹមនឹងនេះប្រជាពលរដ្ឋ នៅក្នុងឃុំចំណាក្រោម និងឃុំចំណាលើបានសាទរ និងរីករាយក្រៃលែងជាមួយនឹងសមិទ្ធផលថ្មីដ៏អស្ចារ្យដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង និងឃុំចំណើលើដែលបានកសាងផ្លូវបេតុងចងដៃ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងធ្វើឲ្យងាយស្រួលក្នុងការធ្វើដំណើរជាពិសេសសិស្សានុសិស្សទៅរៀននៅវិទ្យាល័យ ហ៊ុន សែន ចំណាលើ៕