(ហ្សឺណែវ)៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងលោកស្រី ខេង សំវ៉ាដា អនុប្រធាន​គណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​របស់​ គណៈកម្មការអចិន្ត្រៃយ៍ ស្តីពីសន្តិភាព និងសន្តិសុខអន្តរជាតិ នៃសហភាព​អន្តរសភា (IPU149th) និងកិច្ចប្រជុំ «ក្រុមសភានិយាយភាសាបារំាងAPF» ដែលមានសមាជិកចំនួន៣០នាក់ មកពី២០ប្រទេសអញ្ជើញចូលរួម។

កិច្ចប្រជុំ APF បានពិភាក្សាអំពីសារៈសំខាន់នៃការទូតសភា ការថយចុះនៃការ​ប្រើប្រាស់ភាសាបារាំង និងឥទ្ធិពល​នៃបញ្ញាសប្បនិម្មិត​មកលើប្រទេសកំពុង​អភិវឌ្ឍន៍ និងប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ជាមួយគ្នានេះ ប្រទេស​វៀតណាមក៏បានលើកឡើងពីការត្រៀមរៀបចំកិច្ចប្រជុំរបស់ «ក្រុមសភា​និយាយ​ភាសាបារំាង APF» ដែលគ្រោងនឹងធ្វើឡើងនៅ ខែមករា ឆ្នាំ២០២៥ ខាងមុខ​នេះ​ផងដែរ។

ចំណែកឯ នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសន្តិភាព និងសន្តិសុខ​អន្តរជាតិ នៃសហភាព​អន្តរសភា លោកបណ្ឌិត សម តារា បានធ្វើ​បទអន្តរាគមន៍លើប្រធានបទ​ស្តីអំ​ពី «តួនាទីសភាពាក់ព័ន្ធ​នឹងសន្តិសុខ​នុយក្លេអ៊ែរ» ដោយឯកឧត្តម បានលើក​ឡើង​​ពីបញ្ហាប្រឈមនៃការគំរាមកំហែង​ឥទ្ធិពល​នុយក្លេអ៊ែរ ប៉ះពាល់​មកលើ​ពិភពលោក។

លោកបណ្ឌិត បានគូសបញ្ជាក់​ពីកិច្ចខិតខំប្រឹងប្រែង និងតួនាទី​សំខាន់​របស់សមាជិកសភា ក្នុងការអនុម័តច្បាប់ ហើយប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ក៏បានចុះហត្ថលេខា ផ្តល់សច្ចាប័នលើលិខិតូបករណ៍/ច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិជាច្រើន ដើម្បីគាំទ្រយ៉ាងពេញទំហឹង ហាមឃាត់​ការប្រើប្រាស់​អាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោក ដើម្បីចូលរួម​ក្នុងការ​ធានាបានសុវត្ថិភាព សន្តិសុខ និងការការពារប្រជាពលរដ្ឋទាំងក្នុងតំបន់ និងពិភពលោក៕