(ខេត្តទិសឦសាន)៖ ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ទិសប៉ែកឦសាន សម្រាប់ជើងទី៦ ត្រូវធ្វើឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីនៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ដោយមានប្រជាពលរដ្ឋជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅលើតម្រាយផ្លូវបន្ទាត់ព្រំដែន ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី គឺដូចសព្វដង ធ្វើឡើងដើម្បីស្វែងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។
សម្រាប់ដំណើរទស្សនកិច្ចជើងទី៦នេះដោយក្បួនរថយន្តនៃដំណើរទស្សនកិច្ច បានចេញដំណើរពីរាជធានីភ្នំពេញ នៅម៉ោង៤កន្លះព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ហើយនឹងត្រូវវិលត្រឡប់មករាជធានីភ្នំពេញវិញ នៅយប់ថ្ងៃទី២០ ខែតុលា។ ដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននេះ ត្រូវបានរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារ អាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។
ដំណើរទស្សនកិច្ចនេះគឺបានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅល្អប្រសើររបស់ប្រជាជន ក្នុងមូលដ្ឋានស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងក្នុងមូលដ្ឋាន ជាពិសេសគឺទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងតំបន់ភូមិសាស្ត្រនេះអមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធការងារព្រំដែន ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ចក៏បានស្វែងយល់ផងដែរ អំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។
ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តទាំង២នេះ អ្នកចូលរួមទាំងអស់មានឱកាសអញ្ជើញទៅពិនិត្យ មើលដោយផ្ទាល់នូវបង្គោលព្រំដែនក្នុងទីតាំងដែលជាទីតាំងបង្គោលមេ ព្រមទាំងអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវ ទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែន។
ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសាក្សីរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។
ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ពីព្រោះជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន។
ដំណើរទស្សនកិច្ចប្រជាពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ច សម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។
គួរជម្រាបថា ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសរៀចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋខ្មែរមកកាន់តំបន់ទិសឦសាន គឺមានប្រជាពលរដ្ឋ មកពីគ្រប់ស្រទាប់វណ្ណៈ បានចុះឈ្មោះ ដើម្បីបានមកពិនិត្យដោយផ្ទាល់ពីស្ថានភាពនៅតាមបន្ទាត់ព្រំដែន។ តាមរយៈចុះមកឃើញផ្ទាល់ភ្នែក ប្រជាពលរដ្ឋបានអះអាងថា ការបំពុលព័ត៌មានរបស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន គ្មានប្រសិទ្ធភាពឡើយ, ពួកគាត់បានឃើញនឹងភ្នែកច្បាស់លាស់ រាជរដ្ឋាភិបាលកម្ពុជាបានការពារនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ហើយអ្វីដែលក្រុមជ្រុលនិយមនិយាយពីបញ្ហាព្រំដែន និងការបំភ្លៃលើការបាត់បង់ទឹកដី គឺគ្រាន់តែជាការភូតកុហកដែលគេមិនដែលជឿម្តងណាឡើយ។
សូមរំលឹកជូនថាដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែករបស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕