(ភ្នំពេញ)៖ រយៈពេលពីរថ្ងៃនៃព្រឹត្តិការណ៍ប្រកួតយុទ្ធគុណចម្រុះបុរាណខ្មែរដណ្ដើមពានរង្វាន់សម្ដេចបវរធិបតី គឺថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៤ ក្រុមការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត បានចុះធ្វើការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន App NoDrug៖ https://nodrugsnacd.com/download និងការទាញយកApp NoDrug មកប្រើប្រាស់ដល់សាធារណៈជននិងគ្រួសារកីឡានៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានអនុគណៈកម្មការជំរុញការប្រើប្រាស់ និងបង្កើតមាតិកាបានប្រាប់ឱ្យដឹងថា សាធារណជនក៏ដូចជាក្រុមគ្រួសារកីឡាករកីឡាការិនីដែលបានចូលរួមប្រកួត និងគាំទ្រក្នុងព្រឹត្តិការណ៍ខាងលើមានការចាប់អារម្មណ៍ពីអត្ថប្រយោជន៍ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានបំពាក់នៅមុខងារសំខាន់ៗជាច្រើនរួមមានចំណេះដឹងទូទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនពិសេសមុខងាររាយការណ៍ដោយរក្សាការសម្ងាត់ និងទទួលបានការដោះស្រាយដោយប្រសិទ្ធភាពរាល់ករណីគ្រឿងញៀនហើយពួកគាត់បានទាញយកApp NoDrugមកប្រើប្រាស់ និងបន្តផ្សព្វផ្សាយដល់សមាជិកក្រុមគ្រួសាររបស់ពួកគាត់ឱ្យចូលរួមប្រើប្រាស់ App Nodrug ទាំងអស់គ្នា។
ឧត្តមសេនីយ៍ឯកលឹម តុងហួត បន្ថែមថាព្រឹត្តិការណ៍ខាងលើនេះនឹងបន្តរហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកហើយក្រុមការងាររបស់លោកនឹងបន្តផ្សព្វផ្សាយផងដែរ៕