(ភ្នំពេញ)៖ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា មកដល់ពេលនេះ គិលានុបដ្ឋាក កំពុងបម្រើការងារគ្រប់កម្រិតនៃប្រព័ន្ធសុខាភិបាល ក្នុងទីតាំងសេវាសុខាភិបាលរដ្ឋ មានចំនួន ១,៥៦៥ទីតាំង ដែលក្នុងនោះមានប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យជាតិ។ ចំណែកសេវាសុខាភិបាលឯកជន មានចំនួន ១៧,៩៨៨ទីតាំង មានបន្ទប់ថែទាំជំងឺ គ្លីនិកពហុព្យាបាល និងមន្ទីរពេទ្យឯកជនផ្សេងៗទៀត។
ដូច្នេះគិលានុបដ្ឋាក ធ្វើការគ្រប់ទីតាំងទាំងអស់ ត្រូវតែចុះបញ្ជីកាជាមួយគណៈគិលានុបដ្ឋាកជាដាច់ខាត ដើម្បីបញ្ជាក់ថា គិលានុបដ្ឋាកម្នាក់ៗ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងពេលផ្ដល់សេវាជូនប្រជាពលរដ្ឋរបស់យើង។
ការថ្លែងបែបនេះរបស់លោកស្រីសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសស្ដីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្ដិទី៣ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដែលលោក ជា សុភក្រ្ដមុនីរ័ត្ន ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអាណត្ដិទី៣នេះ។
លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងបន្ដថា គណៈគិលានុបដ្ឋាកកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ បានចុះបញ្ជីកាប្រហែល៨០% ស្មើនឹង២៤ពាន់នាក់ ប្រសិនបើយើងចុះឱ្យបាន ១០០% ប្រហែលជាចំនួន គិលានុបដ្ឋាកមានប្រហែល ៣០ពាន់នាក់ កំពុងផ្ដល់សេវាថែទាំទូទាំងប្រទេស ទាំងសេវាសាធារណៈ និងសេវាឯកជន។
ក្នុងឱកាសនេះ លោកស្រីសាស្ដ្រាចារ្យ «បានស្នើឱ្យប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអាណត្ដិទី៣នេះ ត្រូវសហការគ្នាជាមួយប្រធានគណៈគិលានុបដ្ឋាកទី២ និងសមាជិក រួមគ្នាដោះស្រាយបញ្ហាប្រឈមដែលជួបប្រទេះ ពិសេសជំរុញឱ្យមានគិលានុបដ្ឋាកទាំងអស់ មកចុះបញ្ជីកាឱ្យបានគ្រប់ ១០០% ខណៈអាណត្ដិកន្លងទៅមានចំនួន ៩៦% ដូចច្នេះត្រូវឱ្យគិលានុបដ្ឋាកទាំងនោះ មកចុះបញ្ជិកាឱ្យបានគ្រប់គ្នា ដើម្បីធានាថា គិលានុដ្ឋាកម្នាក់ៗមានសមត្ថភាពគ្រប់គ្រាន់ ក្នុងពេលផ្ដល់សេវាជូនប្រជាពលរដ្ឋយើង»។
លោកស្រីសាស្ដ្រាចារ្យបានបន្ដថា គិលានុបដ្ឋាក បានដើរតួនាទីដ៏សំខាន់បំផុត ។ គិលានុបដ្ឋាក ជាអ្នកដែលផ្ដល់សេវាថែទាំ និងនៅជាប់ជាមួយអ្នកជំងឺ២៤ម៉ោង។ លោកស្រីបានសង្គត់ធ្ងន់ថា «យើងជាគិលានុបដ្ឋាក គឺជាជួបអ្នកជំងឺមុនគេ បន្ទាប់មកយើងមានទំនាក់ទំនងជាមួយនឹងអ្នកជំងឺ ហើយយើងបានផ្ដល់ការថែទាំ គំាទ្រ ព្យាបាលអ្នកជំងឺ អ្នករបួស អ្នករៀបស្លាប់ អប់រំសុខភាពដល់គ្រួសារអ្នកជំងឺ និងសហគមន៍ ព្រមទាំងពិនិត្យអ្នកជំងឺ ផ្ដល់ឱសថជាជំនួយក្នុងការវះកាត់ព្យាបាលអ្នកជំងឺ ផ្ដល់ជំនួយក្នុងផ្នែកផ្លូវចិត្ដ ចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺមិនឆ្លង និងឆ្លង ចូលរួមទប់ស្កាត់ឱសថប្រឆំាងមេរោគ ចូលរួមដោះស្រាយភាពអាសន្ននៅក្នុងផ្នែកសុខភាពការរីករាលដាលជំងឺរាតត្បាត និងថែទាំសុខភាពបឋមជាដើម-ល-។ ទាំងនេះជាតួនាទីរបស់យើង ដូច្នេះទាមទារឱ្យយើងត្រូវមានទាំងគុណភាព និងសមត្ថមភាព ក្នុងការផ្ដល់សេវាជូនអ្នកជំងឺ»។
លោកស្រីក៏បានណែនាំឱ្យប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអាណត្ដិទី៣ ត្រូវវាស់វែងកម្រិតសមត្ថភាព របស់គិលានុបដ្ឋាក ដើម្បីដឹងពីចំណុចដែលត្រូវបណ្ដុះបណ្ដាល, ឱ្យយល់ពីតួនាទី ភារកិច្ច, ដែនកំណត់នៃស្ដង់ដារ បើសិនជាអាចគួរធ្វើការវាយតម្លៃលើសមត្ថភាព របស់គិលានុបដ្ឋាកទាំងអស់ ដើម្បីងាយស្រួលបណ្ដុះបណ្ដាលបន្ដដល់ពួកគាត់។
ក្នុងឱកាសនោះដែរលោកស្រី បានរម្លឹកពីអនុសាសន៍របស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាល ចំនួន ៤ចំណុច៖
១៖ ត្រូវធ្វើបច្ចុប្បន្នគោលនយោបាយ គោលការណ៍ណែនាំ ឬបទដ្ឋានគតិយត្ដិផ្សេងៗ ដើម្បីកំណត់យកសូចនាករសំខាន់ៗ និងធ្វើការតាមដានវាយតម្លៃទៅតាមសូចនាករនីមួយៗ
២៖ រៀបចំរបាយការណ៍ប្រចាំខែ ពីវឌ្ឍនភាពគណៈគិលានុបដ្ឋាក ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់យើង ដែលយើងគួរតែមានការកែរលម្អ ជាប្រចាំ
៣៖ ត្រូវសហការជាមួយប្រធានមន្ទីរសុខាភិបាលគ្រប់ខេត្ដ ដើម្បីសុំការគាំទ្រ ស្វែងរកការដំណោះស្រាយដែលប្រយោជន៍ដល់អ្នកជំងឺ ដល់មន្ទីរពេទ្យ និងមន្ដ្រីសុខាភិបាល។
៤៖ ប្រធានសាខានីមួយៗត្រូវរៀបចំតួនាទីខ្លួន ធ្វើការសម្រាប់គណៈ មានតូនាទី និងភារកិច្ច និងរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់សាខានីមួយៗ មានសមាជិកប៉ុន្មាននាក់ ដែលបានចុះឈ្មោះ ហើយប៉ុន្មានអ្នកទៀតមិនបានចុះឈ្មោះ ហេតុអ្វី?
ជាការឆ្លើយតប លោក ជា សុភក្រ្ដមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាក បានធ្វើការប្ដេជ្ញាចិត្ដយ៉ាងមុតមាំ អនុវត្ដតាមព្រះរាជក្រឹត្យ និងដើរតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល សហការជាមួយសមាគមគិលានុបដ្ឋាក ដៃគូអភិវឌ្ឍនានា និងឱ្យគិលានុដ្ឋាកដឹងច្បាស់ពីតួនាទី និងភារកិច្ច ,បន្ដផ្សព្វផ្សាយអំពីក្រមសីលធម៌វិជ្ជាជីវៈ គ្រប់គិលានុបដ្ឋាកទាំងអស់ទូទាំងប្រទេស។ ពិសេសរៀបចំនូវរចនាសម្ព័ន្ធក្រុមប្រឹក្សា វិធីដោះស្រាយបញ្ហាប្រឈម រៀបចំផែនការបន្ដ ប្រកដដោយភាពច្នៃប្រឌិតខ្ពស់។
សូមជម្រាបថា គណៈគិលានុបដ្ឋាកកម្ពុជា គឺជាអង្គការស្វយ័តមួយ ដែលត្រូវបានបង្កើតឡើងតាមរយៈ ព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៧ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ត្រូវបានជ្រើសរើសតាមរយ:ការបោះឆ្នោតសម្រាប់ រយៈពេល៦ឆ្នាំ។
គណៈគិលានុបដ្ឋាកកម្ពុជា មានសិទ្ធិអំណាចតាមផ្លូវច្បាប់តាមរយៈ ច្បាប់ស្តីពីកាគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យ សុខាភិបាលឆ្នាំ២០១៦ ដើម្បីគ្រប់គ្រងគិលានុបដ្ឋាកក្នុង ការចុះបញ្ជីកា និងផ្តល់អាជ្ញាបណ្ណសម្រាប់ប្រកបវិជ្ជាជីវៈថែទាំហើយនឹងការអនុម័តលិខិតូបករណ៍គ្រប់គ្រងដូចជា ក្រមសីលធម៌ក្របខណ្ឌសមត្ថភាពស្នូលនិយាមនៃការថែទាំ និងលក្ខខណ្ឌតម្រូវ សម្រាប់ការបណ្តុះបណ្តាលបន្តជាចាំបាច់ ដើម្បីទទួលបានការផ្តល់ អាជ្ញាបណ្ណបន្តក្នុង ការប្រកបវិជ្ជាជីវៈ និងដើម្បីណែនាំតម្រង់ទិសដៅនៃគុណភាពសុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាថែទាំនៅប្រទេសកម្ពុជា៕