(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមព្រឹត្តិការណ៍បើក «ការសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នាឱកាសព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន។
នេះជាព្រឹត្តការណ៍ដ៏អស្ចារ្យ ប្រកបដោយមោទកភាពក្រៃលែង និងមិនធ្លាប់មានពីមុនមកដែលមានការសម្តែងក្បាច់គុនពីប្រទេសផ្សេង ធ្វើនៅមុខក្លោងទ្វារព្រះវិហារសៅលីញនោះទេ។
ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» កាលពីខែមេសា ឆ្នាំ២០២៤ នាពេលកន្លងមក នៅលើទឹកដីសៀមរាប-អង្គរ រដ្ឋបាលខេត្តហឺណាន បានដឹកនាំអ្នកសម្តែងនិងកីឡាករសៅលីញទៅសម្តែងរួមគ្នាជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ When Shaolin Meets Bokator at Angkor។ នៅថ្ងៃនេះ កម្ពុជាបាននាំល្បុក្កតោកម្ពុជាបានមកជួបសៅលីញនៅវិហារសៅលីញ ខេត្តហឺណាន ប្រទេសចិនវិញម្តង។
តាមរយៈព្រឹត្តិការណ៍អន្តរជាតិនេះដែលមានការចូលរួមពី៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបប្រមាណ១២០០នាក់ និងសិស្ស គ្រូសម្តែងក្បាច់គុន មានចំនួនប្រមាណ៣ម៉ឺននាក់។
លោករដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក៕