(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ រួមជាមួយពុទ្ធបរិស័ទ មកពីក្នុង និងក្រៅខេត្ត បានដង្ហែអង្គកឋិនសាមគ្គី ដើម្បីវេរត្រ័យចីវរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នាអារាមវត្តបាកាន ដែលស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយប្រមូលបច្ច័យកសាងសរុបបាន ២៤៥,៦០០ដុល្លារ និង១៣លានរៀល ទុកសម្រាប់អភិវឌ្ឍន៍កោះក្នុងវត្ត ឱ្យទៅជារមណីយដ្ឋាន «ឧទ្យានបាកាន កោះនៃការត្រាស់ដឹង» និងសម្រាប់បែងចែកកសាងសមិទ្ធផលនានា តាមបណ្តាវត្តទាំង៤២ ក្នុងស្រុកបាកាន។
អង្គកឋិនទានសាមគ្គី បានដង្ហែប្រទក្សិណ៣ជុំព្រះវិហារ ទៅតាមពេលវេលាចាំបាច់ផ្សេងគ្នា កាលពីថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ម្សិលមិញ ដោយមានការចូលរួមពីម្ចាស់ត្រ័យ ដូនជី តាជី និងពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ប្រកបដោយភាពអធិកអធមក្រៃលែង។
បើតាមលោកអាចារ្យវត្ត បានបញ្ជាក់ពីអត្ថន័យ នៃបុណ្យកឋិនទានថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងការគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរតាំងពីយូរណាស់មកហើយ គឺបុណ្យកឋិនទាន ធ្វើបានតែរយៈពេល២៩ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលការប្រគេនព្រះសង្ឃក្រាលគ្រងនៅថ្ងៃណាមួយក៏បានដែរ ហើយវត្តមួយធ្វើបានតែម្ដងទេ ក្នុងមួយឆ្នាំ។
លោកអាចារ្យបន្តថា «កឋិន» គឺជាសំពត់ដែលទាយក-ទាយិកា នាំយកគ្រឿងស្លៀកដណ្ដប់ ដែលដេរភ្ជាប់ដោយចេសមានឈ្មោះថា «ចីវរ» ទៅប្រគេនចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់រយៈពេល៣ខែ រួចមកហើយ។ ចំពោះបុគ្គលដែលធ្វើ គប្បីធ្វើឱ្យត្រូវតាមរបៀបវិន័យព្រះពុទ្ធដែរ ទើបកើតជាកឋិនពេញលក្ខណៈ រីឯអានិសង្ស គឺទាយកអ្នកធ្វើកឋិន បានអានិសង្សច្រើន ឯភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនា ក៏បានអានិសង្ស៥យ៉ាងដែរ។
ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន និងជាព្រះអនុគណស្រុកបាកាន មានថេរដីកាថា អង្គកឋិនទានសាមគ្គីនេះ រួមមាន៖
*ទី១៖ អង្គកឋិន ដឹកនាំដោយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ប្រមូលបច្ច័យសម្រាប់អភិវឌ្ឍន៍កោះ ក្នុងវត្តបាកាន ឱ្យទៅជារមណីយដ្ឋាន «ឧទ្យានបាកាន កោះនៃការត្រាស់ដឹង» និងសម្រាប់បែងចែកថែទាំកសាងវត្តទាំង៤២ ក្នុងស្រុកបាកាន បានចំនួន ២៤៥,០០០ដុល្លារ។
*ទី២៖ អង្គកឋិន របស់ពុទ្ធបរិស័ទ មកពីក្នុង និងក្រៅខេត្ត ប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត បានចំនួន១៣,០០០,០០០រៀល និង៦០០ដុល្លារ។
ព្រះចៅអធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក កែវ រតនៈ រួមជាមួយពុទ្ធបរិស័ទទាំងអស់ ដែលបាននាំយកត្រ័យចីវរ មកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តបាកាននេះ និងបានចូលរួមបច្ច័យជាកម្លាំងមហាសាមគ្គី សម្រាប់ថែទាំ និងកសាងវត្តទាំង៤២ និងអភិវឌ្ឍន៍កោះវត្តបាកាន ដែលមានទំហំជិត៤ហិកតា ឱ្យទៅជារមណីយដ្ឋាន «ឧទ្យានបាកាន កោះនៃការត្រាស់ដឹង» ដោយត្រៀមលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។ សូមឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសបារមីព្រះពុទ្ធរូប បែរព្រះភ័ក្រ្តទៅទិសខាងលិច នៅវត្តបាកាន តាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំបងប្អូនទាំងអស់គ្រប់ទិវារាត្រី៕