(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងលោក ប៊ុន ហុន អនុប្រធានទី១ នាព្រឹកថ្ងៃទី ១៩ ខែតុលា បានចុះចែកសម្ភារសិក្សា និងថវិកាដល់សិស្សបឋមសិក្សាចំនួន ៥០០នាក់ ជាលើកទី២ និងឧបត្ថម្ភជា សារុង ក្រមា ឆត្រ័ និងថវិកា៤.០០០.០០០រៀល ជូនដល់លោកគ្រូអ្នកគ្រូ ក្រុមយុវជន ស.ស.យ.ក ក្រុមយុវជនកាកបាទក្រហមកម្ពជា ក្រុមនគរបាល និងកងរាជអាវុធហត្ថ។
ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវការយកចិត្តទុកដាក់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងសេរីភាពទាំងឡាយរបស់កុមារ ជាពិសេសសិទ្ធិជាមូលដ្ឋានសំខាន់ទាំងបួនដែលកុមារត្រូវតែទទួលបាន គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួមការលើកកម្ពស់ និងការការពារកុមារ គឺជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តច្បាប់អន្តរជាតិនានា ជាពិសេសអនុសញ្ញាសិទ្ធិកុមារ និងពិធីសារបន្ថែម ការរៀបចំច្បាប់ គោលនយោបាយ និងវិធានការនានា សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងកិច្ចការពារជាពិសេសសម្រាប់កុមារ ដើម្បីរស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍសិទ្ធិជាមូលដ្ឋានរបស់កុមារ សេរីភាព ក៏ដូចជាសិទ្ធិផ្សេងៗទៀត អាចកើតមានទៅបានគឺដោយសារកត្តាសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
ទេសរដ្ឋមន្ត្រី បានថ្លែងថា អំណោយទាំងនេះក៏ជាការជួយកាត់បន្ថយចំណាយរបស់មាតា បិតា ក្នុងការទិញសម្ភារៈសិក្សារបស់ កូនៗ ដែលនឹងត្រូវបើកបវេសនកាលនៅក្នុងខែវិច្ឆិកាខាងមុខនេះ បានមួយចំនួនផងដែរ។ លោកក៏បានផ្តាំផ្ញើដល់ក្មួយៗ និងប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រដើម្បីឱ្យក្លាយជាសិស្សល្អ ពលរដ្ឋល្អ និងចៀសឱ្យផុតពីគ្រឿងញៀន។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់អាណាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមន្ត្រីមូលដ្ឋានស្រុកគាស់ក្រឡ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស្រុកដែលបានយកចិត្តទុក ដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកគាស់ក្រឡ។
នៅថ្ងៃដដែលដែរ បន្ទាប់ពីចែកជូនសម្ភារសិក្សារួចមក ទេសរដ្ឋមន្រ្តីក៏បានដឹកនាំកិច្ចប្រជុំក្រុមការងារដើម្បីរៀបចំក្រុមលេខាធិការដ្ឋានថ្នាក់ស្រុក និងក្រុមបង្គោលថ្នាក់ឃុំដើម្បីរៀបចំរបាយការណ៍ និងរៀបចំវេទិកាសាធារណៈផងដែរ។