(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលររួមរបស់សមាគមស្បែកជើងកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបង្កើតនូវការងារបន្ថែមជូនប្រជាពលរដ្ឋ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក, វិស័យកម្មន្តសាល ដែលមានរួមទាំងការផលិតផលិតផលស្បែកជើងផងដែរនោះ បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនដោយទទួលបាននូវកំណើនប្រមាណ២០% ស្មើនឹងទំហំទឹកប្រាក់ប្រមាណ ១៥,៦ពាន់លានដុល្លារ។ តួលេខនេះបានបង្ហាញពីការរីកចម្រើនក្នុងវិស័យផលិតស្បែកជើងនៅកម្ពុជា។
តាមរយៈនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើការលើកទឹកចិត្តឱ្យអ្នកវិនិយោគពីប្រទេសនានា មកបន្តបោះទុនវិនិយោគបន្ថែមទៀតនៅកម្ពុជាដើម្បីចាប់យកឱកាស និងអត្ថប្រយោជន៍នានាដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនតាមរយៈច្បាប់វិនិយោគថ្មី ដែលទើបនឹងអនុម័តដាក់ឱ្យអនុវត្តនាឆ្នាំកន្លងទៅ។
នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសាររបស់សមាជិកសមាគមស្បែកជើងកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នា Ballroom, Nagaworld I ភ្នំពេញ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទំនិញ និងផលិតផលទាំងអស់ដែលផលិតនៅកម្ពុជា អាចនាំចេញទៅទីផ្សារដែលមានប្រជាជនប្រមាណ ២៥០លាននាក់ នៅក្នុងមហាអនុតំបន់មេគង្គ និងប្រមាណ ៦៣០លាននាក់ នៅក្នុងតំបន់អាស៊ាន។
ដោយឡែកសម្រាប់កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់បានផ្តល់លទ្ធភាពឱ្យកម្ពុជាអាចនាំចូលទៅក្នុងទីផ្សារ ដែលមានទំហំប្រជាជនរហូតដល់ទៅ ២,២ប៊ីលាននាក់ ស្មើនឹង៣០% នៃចំនួនប្រជាជនសរុប នៅ ទូទាំងពិភពលោក ហើយដែលមានចំនួនទឹកប្រាក់សរុបប្រមាណ ២៦,៦ទ្រីលានដុល្លារ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងប្រមាណ ១២,៧ទ្រីលានដុល្លារ នៃទំហំពាណិជ្ជកម្មសរុបក្នុងពិភពលោក។
លោករដ្ឋមន្ត្រីជឿជាក់ថា កម្មវិធីជួបជុំគ្នានាឱកាសនេះនឹងចូលរួមផ្សព្វផ្សាយ និងចែករំលែកអំពីឱកាសវិនិយោគនៅកម្ពុជាទៅដល់បណ្តាក្រុមហ៊ុន និងវិនិយោគិនបរទេសផ្សេងទៀតដែលមានបំណងចង់ចូលមកបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើការបើករោងចក្រផលិតស្បែកជើក និងរោងចក្រផលិតផលិតផលផ្សេងៗទៀត។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានជម្រាបជូនថា រហូតមកដល់ឆ្នាំ២០២៤នេះ សមាគមស្បែកជើងកម្ពុជាបានបើកដំណើរការមកអស់រយៈពេល៥ឆ្នាំ ដោយបាន សម្រេចបានសមិទ្ធផលជាច្រើនក្នុងការរួមចំណែកជំរុញការអភិវឌ្ឍវិស័យផលិតស្បែកជើងនៅកម្ពុជា៕