(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការចូលរួមសកម្មភាពបរិស្ថានរបស់អ្នកប្រកបរបសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្លុះបញ្ជាំងពីទង្វើនៃក្រុមដែលអះអាងថាខ្លួនជាអ្នកស្រឡាញ់បរិស្ថានតែមិនបានធ្វើអ្វីក្រៅតែពីស្រែក។
ការថ្លែងបែបនេះរបស់លោក ធ្វើឡើងក្នុងឱកាសប្រកាសបញ្ចូលសមាជិកថ្មីបន្ថែម នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល។ ក្នុងនោះ សមាជិកជាច្រើននាក់បានបង្ហាញពីការចូលរួមបណ្តុះគំនិត «ភាពស្អាត» របស់ក្រសួងបរិស្ថាន ចេញពីបេះដូងដោយការប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាម និងសំណល់ប្លាស្ទិកនៅតាមទីប្រជុំជននានានិងតាមមូលដ្ឋាន។
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល បានចូលរួមផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្រោមអធិបតីភាព លោក ខ្វៃ អាទិត្យា។
តាមរយៈ ការចូលរួមការពារបរិស្ថាន និងសង្គម ដោយការបណ្តុះគំនិត «ភាពស្អាត» ចេញពីបេះដូងរបស់ពួកគេ គឺអនុវត្តបង្កើនភាពស្អាតរបស់កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺស្អាត បៃតង និងចីរភាព។ ជាពិសេសស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ខ្វៃ អាទិត្យា បានគូសបញ្ជាក់ថា «មិនត្រឹមតែប៉ុណ្ណោះ ការចូលរួមការពារបរិស្ថាន និងសង្គម នឹងកាន់តែសំខាន់ៗទៅ ព្រោះជាការផ្តល់សារជាក់ស្តែងចេញជាសកម្មភាព បំផុសស្មារតី អំពីការកាត់បន្ថួការប្រើប្រាស់ប្លាស្ទិក ការប្រូលទុកដាក់ និងការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយជំរុញឱ្យ មានការផ្លាស់ប្តូរជាវិជ្ជមាន នូវទម្លាប់ទុកដាក់សំរាម ហើយក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នា របស់រាជរដ្ឋាភិបាល ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
នាឱកាសនេះ លោកក៏បានថ្លែងថា ការចូលរួមរបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល នៅពេលនេះ បានឆ្លុះបញ្ជាំងពីទង្វើនៃក្រុមដែលអះអាងថាខ្លួនជាអ្នកស្រឡាញ់បរិស្ថានតែមិនបានធ្វើអ្វីក្រៅតែពីស្រែក ជំរុញឱ្យយុវជនខ្មែរមួយចំនួនតូចចាញ់ល្បិចរបស់ខ្លួន បំផ្លាញអនាគតយុវជនខ្មែរ ធ្វើឱ្យយុវជនខ្មែរ ជាប់ទោសទណ្ឌ ដើម្បីតែបម្រើផលប្រយោជន៍បរទេស និងបក្សពួកខ្លួន ដែលមានបំណងបំផ្លាញសន្តិភាព និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោក បានបន្តថា «ពេលនេះយុវជនស្រឡាញ់បរិស្ថាន លែងជឿលើការញុះញង់ របស់ក្រុមអគតិ ដែលមាននយោបាយ បដិវត្តន៍ពណ៌ និងបានសម្រេចចិត្តច្រើនឡើងជាបន្តបន្ទាប់ ចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះមានមនុស្សជាង៩,៦លាននាក់ បានចូលរួម ហើយភាគច្រើនជាយុវជន ក្នុងនោះសិស្សានុសិស្សចំនួន ជាង៣,៦លាននាក់ផងដែរ និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយបានរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា ពីមនុស្សចំនួនប្រមាណ ៣លាននាក់ និងបានទុកដាក់សំរាមឱ្យបានត្រឹមត្រូវ សំអាតភូមិដ្ឋាន ព្រមទាំងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាបណ្តើរៗ»។
សូមជម្រាបដែរថា ក្រសួងបរិស្ថាន តែងតែគិតគូរជានិច្ចពីការថែរក្សាការពារ និងលើកកម្ពស់បរិស្ថាននៅកម្ពុជា និងបានជំរុញឱ្យអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
ដើម្បីការគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថានឱ្យបានល្អ មានបរិស្ថានស្អាត កម្ពុជាបង្កើនបានគម្របបៃតង មានខ្យល់អាកាសល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវផ្ដើមពីយើងទាំងអស់គ្នា។ ជាពិសេសយុវជន ដែលជាអនាគតរបស់ប្រទេសជាតិ ចូលរួមក្នុងការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមញែកសំរាមតាមបច្ចេកទេស ដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទ គឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញបាន និងសំណល់ដែលគ្រោះថ្នាក់។
បន្ថែមពីនេះ គឺត្រូវចូលរួមបណ្តុះ គំនិត «ពន្លកបៃតង» ចូលរួមបណ្តុះកូនឈើ ដាំដើមឈើឱ្យបានច្រើន និងចូលរួមផ្សព្វផ្សាយពីសារៈសំខាន់ នៃការការពារនិងអភិរក្សធនធានធម្មជាតិដល់សហគមន៍ ដែលមានប្រយោជន៍សម្រាប់ជីវភាព ទាញចេញពីទេសចរណ៍ធម្មជាតិ និងការរក្សាព្រៃឈើសម្រាប់ឥណទានកាបូន៕