(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ទទួលជួបសំណេះសំណាលសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនៃសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី ដឹកនាំដោយលោក Chen Jun ដែលជាអនុប្រធានប្រតិបត្តិ និងជាអគ្គលេខាធិការអមដោយធុរជនជាច្រើនរូបទៀតមកពីសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា លាង ឃុន បានមានមតិស្វាគមន៍ និងជម្រាបជូនប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី អំពីចក្ខុវិស័យក៏ដូចជាបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ដែលប្រមូលផ្តុំដោយសមាជិក សុទ្ធសឹងជាពាណិជ្ជករដ៏មានសក្តានុពល ហើយកំពុងគ្រប់គ្រងអាជីវកម្មលើពហុវិស័យ ដោយបានរួមចំណែកជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ និងសកម្មភាពពាណិជ្ជកម្មក៏ដូចជាការវិនិយោគផងដែរ។

ទន្ទឹមនឹងនោះ លោកអ្នកឧកញ៉ា បានបន្ថែមថា តាមរយៈជំនួបនាពេលនេះ នឹងបើកនូវទំព័រថ្មីសម្រាប់សមាគមទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ឈានទៅរកការផ្គូផ្គងពាណិជ្ជកម្ម ឬការចាប់ដៃគូរវាងសមាជិកនៃភាគីទាំងពីរ ខណៈដែលប្រទេសកម្ពុជា និងចិន គឺជាដៃគូដែកថែប និងជាទីផ្សារដ៏ធំសម្រាប់កម្ពុជា។

លោក Chen Jun បានលើកឡើងថា តាងនាមសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី លោកមានក្តីរីករាយប្រកបដោយកិត្តិយស ដែលសមាគមឧកញ៉ាកម្ពុជា បានអនុញ្ញាតដល់រូបលោក និងធុរជនចិនជាច្រើនរូបទៀត បានចូលជួបសំណេះសំណាល និងពិភាក្សាការងារ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើផ្នែកធុរកិច្ចរវាងសា្ថប័នទាំងពីរ ខណៈដែលសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី មានសមាជិកជាង ២ម៉ឺននាក់ និងមានសាខាជាង ៦០នៅក្នុងប្រទេសចិន និងមានការិយាល័យតំណាងចំនួន ១៥នៅក្នុងទ្វីបអឺរ៉ុប អាស៊ី និងសហរដ្ឋអាម៉េរិក។

លោកបានបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចលើកនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុនធំៗ ដែលកំពុងវិនិយោគលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ប្រើប្រាស់ ក្នុងវិស័យកសិកម្មដូចជាក្រុមហ៊ុន Beijing Dabeinong Technology Group, Beijing Aike Nong Technology Co., Ltd., Beijing Binzhi Technology Co., Ltd. និងក្រុមហ៊ុន Chirui Agricultural Services (Agricultural Machinery) ដោយវិនិយោគិនទាំងនេះ សុទ្ធតែមានចំណាប់អារម្មណ៍លើវិស័យកសិកម្មនៅកម្ពុជា ដែលមានសក្តានុពលខ្ពស់ ក្នុងវិស័យកសិ-ឧស្សាហកម្ម និងមានផលិតផលកសិកម្ម ដែលមានសក្តានុពលជាច្រើនដូចជា ស្រូវ កៅស៊ូ ដំឡូងមី ស្វាយចន្ទី ចេក និងម្រេចជាដើម។

លោកអគ្គលេខាធិការ មានសុទិដ្ឋិនិយមថា សមាគមទាំងពីរនឹងអាចសម្រេចបានកិច្ចសហការនាពេលដ៏ខ្លីខាងមុខ តាមរយៈការបង្កើតនូវយន្តការពិភាក្សាបន្ថែមទៀត, ការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងការបង្កើតឱ្យមានវេទិកាធុរកិច្ចយ៉ាងតិច ១ឆ្នាំម្តងដើម្បីឱ្យសមាជិកនៃសមាគមទាំងពីរ បានជួបពិភាក្សា និងចាប់ដៃគូធុរកិច្ចជាមួយគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ អ្នកឧកញ៉ាអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលជាថ្នាក់ដឹកនាំសមាគម បានមានមតិស្វាគមន៍ក៏ដូចជា បានណែនាំអំពីសមាសភាពនិងអាជីវកម្មរៀងៗខ្លួន ដែលសុទ្ធតែមានកាលានុវត្តភាព ក្នុងការវិនិយោគជាមួយភាគីចិនដូចជា កំពង់ផែ សួនឧស្សហកម្ម កសិកម្ម កសិ-ឧស្សាហកម្ម ថាមពលអគ្គិសនី សំណង់ និងរោងចក្រផលិតចំណីអាហារជាដើម។

បន្ថែមពីលើនេះ ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនក្នុងវិស័យកសិកម្មរួមមាន កត្តាបច្ចេកទេស គ្រាប់ពូជ អ្នកជំនាញ បច្ចេកវិទ្យាថ្មីៗ ការកែច្នៃ តម្រូវការរោងម៉ាស៊ីនកិនស្រូវធំៗ ឡសម្ងួត ក៏ដូចជាការដឹកជញ្ជូនផងដែរ និងបានលើកសំណើដល់ភាគីចិនព្យាយាមគៀងគរ នូវវិនិយោគិន ដែលមានសក្តានុពលមកកាន់កម្ពុជាបន្ថែមទៀត ខណៈដែលសមាគមឧកញ៉ាកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញកិច្ចសហប្រតិបត្តិការនានា ដើម្បីជាគុណប្រយោជន៍ដល់ប្រជាកសិករ និងការអភិវឌ្ឍវិស័យកសិកម្មក្នុងប្រទេស ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងជាពិសេសគឺការបំពេញគ្រប់លក្ខខណ្ឌតម្រូវ ដើម្បីនាំចេញកសិផលទៅកាន់ប្រទេសចិនតែម្តង។

ភាគីប្រតិភូចិន បានគាំទ្រចំពោះសំណើទាំងនេះ នឹងបានបង្ហាញនូវជំនឿចិត្តថា ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា នឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះបេសកកម្មរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ីប្រចាំនៅកម្ពុជា ហើយជាពិសេសនឹងមានកិច្ចសន្ទនាជាមួយគ្នាជាប្រចាំ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគតាមរយៈការផ្គូផ្គងធុរកិច្ច រវាងសមាជិកនៃសមាគមទាំងពីរ។

តាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ភាគីទាំងពីរបានឯកភាពឱ្យមានការជួបពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឈានទៅរកកិច្ចសហប្រតិបត្តិការនានា ដែលនឹងនាំមកនូវអត្ថប្រយោជន៍ដល់ភាគីទាំងពីរ ជាពិសេសការអភិវឌ្ឍលើវិស័យកសិកម្ម ព្រមទាំងវិស័យផ្សេងៗទៀត ដែលជាសក្តានុពលរបស់កម្ពុជា៕