(កណ្ដាល)​៖ នាព្រឹកថ្ងៃទី​២៤​ ខែតុលា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសម្របសម្រួលរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តកណ្ដាល​ ក្រោមប្រធានបទ «ការឈ្វេ​ងយ​ល់​អំពីតួនាទីអង្គការសង្គម ស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១» ក្រោមអធិបតីភាព លោក​ ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ​តំណាង​លោក​ កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ​​និងលោក​ ​ណុប ដារ៉ា​ អភិបាលរង​នៃគណៈអភិបាលខេត្ដ​កណ្ដាល​​។

ថ្លែងនៅក្នុងវេទិកាសន្ទនានេះ លោក​​ ​ណុប ដារ៉ា​ អភិបាលរងខេត្ដ​កណ្ដាល បានលើក​ឡើងអំពីកិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋបាល​ខេត្ត ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃប៉ិន​ប្រសព្វ​​រប​ស់​​ សម្ដេ​ច​​មហាបវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​នៃកម្ពុជា​ ក្នុង​នីតិកាលទី​៧​ នៃរដ្ឋស​ភា បាន​ទ​ទួ​ល​​នូវសមិទ្ធផល​​ជាច្រើន​ដោយបាន​លើកកម្ពស់​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ​ក្នុងខេត្ត ឱ្យមាន​ភាព​ប្រសើរឡើង​​។

សម្រាប់ខេត្ដកណ្ដាល​ ​មាន​សមាគម​ អង្គការ​មិនមែនរដ្ឋាភិបាល​ និងសហគមន៍ សរុបទូទាំង​ខេត្ត​​នៅឆ្នាំ​២០២៤ មានចំនួន៥៥៦។ ក្នុងន័យនេះ​ រដ្ឋបាល​ខេត្តកណ្ដាល​ នឹងបន្ដ​ការងារពង្រឹង​ ពង្រីក​ភា​ព​ជាដៃ​គូ​​ដោយបន្ដ​ថែរក្សា​ទំនាក់ទំនងកាន់តែ​ជិតស្និទ្ធ​ និងមានប្រសិទ្ធភាពជាមួយ​​បណ្ដាគូរអភិវឌ្ឍន៍​នៅក្នុង​ខេត្ត​។

ជាកិច្ចបន្ដលោក​ ដួង វីរ័ត្ន បាន​លើកឡើង​អំពីគោលបំណង នៃការរៀបចំ​វេទិកាសន្ទនា​នាពេល​នេះ គឺ​ជាការ​ឈ្វេ​ង​​​យល់​​ពីបញ្ហាប្រឈមនានា​របស់បណ្ដា​ដៃគូ​វេទិកាសម្ព័ន្ធសង្គម​ស៊ីវិល​ ក៏ដូចជា ការចូលរួម​ចំណែក​​បង្កើន​​នូវភាពជិតស្និទ្ធរវាងវេទិកាសម្ព័ន្ធសង្គម​ស៊ីវិល ជាមួយសមាគម​ អង្គការ​មិនមែនរដ្ឋាភិបាល​ និងសហគមន៍នានានៅក្នុង​ខេត្ត​កណ្ដាល​ ដើម្បីសម្រេចបានចក្ខុវិស័យ​២០៥០។

សកម្មភាព​នេះ ​​ត្រូវបាន​វេទិកាសម្ព័ន្ធសង្គមស៊ីវិល ​​អនុវត្ដ​ចាប់តាំង​ពីឆ្នាំ​២០១៧​មក និង​​​មាន​ការ​ចូលរួម​ពី​បណ្ដា​អង្គការ​សង្គមស៊ីវិល​ដែលជា​ដៃគូ និងស្ថាប័ន​​ពាក់ព័ន្ធយ៉ាងសកម្ម​ និង​​ផុសផុល​ក្នុងការជជែក​ពិភាក្សា​អំពី​បញ្ហាប្រឈម និងការ​​ស្វែង​រកដំណោះស្រាយ​រួម​ ដើម្បី​អភិវឌ្ឍន៍​សង្គ​ម​ជាតិរបស់​យើ​ងឱ្យ​មាន​​​​​ភាព​រីកចម្រើន​​ប្រកបដោយ​បរិយាបន្ន​។

ជាមួយ​គ្នានេះ បណ្ដាអង្គការសង្គមស៊ីវិលក៏បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចសហការល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបាន​បង្កលក្ខណៈ​ងាយស្រួ​ល និងលំ​ហ​សេរីភាពដល់អង្គការសង្គមស៊ីវិ​ល​អាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរបស់ខ្លួន។

អង្គការសង្គមស៊ីវិល ក៏​បានប្តេជ្ញា​ចិត្តថា នឹងបន្តរួមសុខ រួមទុក្ខជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តសកម្ម​ភា​ព​របស់ខ្លួន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលឱ្យកាន់តែសកម្មបន្ថែមទៀត។ លើសពីនេះ​ទៀត​ អង្គការសង្គមស៊ីវិល ក៏បានបង្ហាញនូវការពេ​ញ​ចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោ​ជ​​ន៍ ដែលទទួលបានពីបេឡាជាតិរបបសន្តិសុ​ខ​សង្គម (ប.ស.ស) ដែលនេះជាការ​បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលមុនៗ មកដល់នីតិកាលទី៧ នៃ​រដ្ឋសភា ចំពោះ​​​​​​សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវបាន​រាជរដ្ឋាភិបាល​ កំណត់ជា​អាទិភាពចម្ប​ង​ក្នុងការអភិវឌ្ឍសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោក ដួង វីរ័ត្ន បានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកប​ដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ដោយគោរពតា​ម​គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាននានា និងលក្ខន្តិកៈរបស់ខ្លួន ព្រមទាំងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍​ដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាពិសេស គឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០៕