(កំពង់ឆ្នាំង)៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងមន្ទីរ៉ែ និងថាមពលខេត្ត បានចុះបង្ក្រាបសកម្មភាពបូមខ្សាច់គ្មានច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រស្ទឹងបរិបូណ៌ ស្ថិតក្នុងភូមិដំបូងក្រហម ឃុំផ្សារស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ទោ គុណ សុបញ្ញា នាយការិយាល័យស្ដីទីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០ ២៤ថា បន្ទាប់ពីលោកទទួលបានព័ត៌មានថា មានសកម្មភាពបូមខ្សាច់ទ្រង់ទ្រាយធំនៅចំណុចស្ទឹងបរិបូណ៍ ស្ថិតក្នុងភូមិដំបូលក្រហម ឃុំផ្សារ ស្រុកបរិបូណ៌ ដោយពុំមានច្បាប់អនុញ្ញាត លោកបានដឹកនាំកម្លាំងសហការជាមួយមន្ទីរ៉ែ និងថាមពលខេត្ត ចុះធ្វើការឃាត់សកម្មភាពបូមនឹងដឹកជញ្ជូនខ្សាច់ជាបណ្ដោះសន្នដើម្បីធ្វើការសាកសួរ។

លោកបានបញ្ជាក់ទៀតថា ក្នុងកិច្ចសហប្រតិបត្តិការចុះបង្ក្រាបសកម្មភាពបូមខ្សាច់ខាងលើនេះ កម្លាំងរបស់លោកឃាត់បានម៉ាស៊ីនបូមខ្សាច់ដែលភ្ជាប់នៅជាមួយសាឡង់ចំនួន២គ្រឿង និងសាឡង់ដឹកខ្សាច់ដែលមា នចំណុះ១៥ម៉ែត្រគូប ចំនួន២គ្រឿង មនុស្ស៥នាក់ (ស្រី១នាក់)។ បន្ទាប់ពីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីរួចហើយ លោកបានប្រគល់ទាំងវត្ថុតាង និងមនុស្សទាំង៥នាក់ ជូនក្រុមការងារមន្ទីរ៉ែ និងថាមពលចាត់ការបន្តតាមនីតិវិធី។

ពាក់ព័ន្ធនឹងករណីខាងលើនេះលោក ពៅ ស៊ីម ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ថា ពាក់ព័ន្ធនឹងសកម្មភាពបូមខ្សាច់ នៅចំណុចស្ទឹងបរិបូណ៌ ក្នុងស្រុកបរិបូណ៌ កាលពីថ្ងៃទី២៣ ខែតុលា លោកបានឲ្យក្រុមការងារ សហការជាមួយប៉ូលីសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យដល់ទីតាំងធ្វើសកម្មភាពជាក់ស្ដែង និងបានប្រទះឃើញម៉ាស៊ីនបូមខ្សាច់បំពាក់នៅលើសាឡង់២គ្រឿង និងសាឡង់ដឹកជញ្ជូនខ្សាច់ចំនួន២គ្រឿង ដែលសាឡង់នីមួយៗមានចំណុះ១៥ម៉ែត្រគូប កំពុងធ្វើសកម្មភាពបូមខ្សាច់ដឹកជញ្ជូនតាមសាឡង់ទាំង២ គ្រឿងខាងលើនេះ ដោយសាឡង់ទី១ ម្ចាស់ឈ្មោះ លោក ម៉ុន ប៉េង មានទីលំនៅភូមិថ្នល់ អន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង ម៉ាស៊ីនបូមខ្សាច់ និងសាឡង់ដឹកជញ្ជូនខ្សាច់ទី២ ជារបស់ម្ចាស់ឈ្មោះលោក ឈៀង សុខ មានទីលំនៅភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ។

លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីធ្វើការសាកសួរ ម្ចាស់សាឡង់ និងម្ចាស់ម៉ាស៊ីនបូមខ្សាច់ទាំង២គ្រឿងខាងលើនេះ បានឆ្លើយប្រាប់ក្រុមការងាររបស់លោកថា ការដែលពួកគាត់ដឹកខ្សាច់តាមសាឡង់ទាំង២គ្រឿងនេះ គឺដើម្បីយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ដោយយកទៅក្រាលបណ្ដុះកូនម្ទេសនៅចំការ ពុំបានយកទៅលក់ដូរនោះឡើយ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្នុងនោះក៏មានទូកខ្នាតតូចបូមខ្សាច់ចំនួន៦ទូកផងដែរ ដែលកំពុងធ្វើសកម្មភាពបូមខ្សាច់នៅទីតាំងខាងលើនេះ លោកថា ដោយសារតែកន្លងមកការផ្សព្វផ្សាយរបស់មន្ទីររ៉ែ និងថាមពល ពាក់ព័ន្ធនិងការបូមខ្សាច់ដោយគ្មានច្បាប់ទម្លាប់ គឺបានធ្វើការផ្សព្វផ្សាយតែតាមមន្ទីរ ឬច្រកចេញចូល នៅតាមបណ្ដាស្រុកតែប៉ុណ្ណោះ។

ដោយពុំបានផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទើបករណីខាងលើនេះ ក្រុមការងាររបស់លោកគ្រាន់តែបានណែនាំដល់ម្ចាស់សាឡង់ទាំង២គ្រឿង ឲ្យបញ្ឈប់សកម្មភាពចាប់ពីពេលនេះតទៅ ដែលនេះជាការណែនាំលើកទីមួយ ប្រសិនបើនៅតែមានការប្រព្រឹត្តជាបន្តទៀតដោយគ្មានច្បាប់ នោះនឹងត្រូវទទួលរងការផាកពិន័យតាមច្បាប់ដោយមិនមានការលើកលែងឡើយ៕