(ឥណ្ឌូនេស៉ី)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយលោក KH.Miftakhul Akhyar ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ នៃក្រុមប្រឹក្សាភិបាល (Rais Aam), លោក KH. Ahmad Said Asrori អគ្គលេខាធិការ (Katib Aam) នៃក្រុមប្រឹក្សាជាន់ខ្ពស់ និងលោក KH. Yahya Cholil Staquf ប្រធានក្រុមប្រឹក្សាប្រតិបត្តិ(Kedua Umum) នៃអង្គការ Nahdatul Ulama (NU) នៃប្រទេសឥណ្ឌូនេស៉ី និងថ្នាក់ដឹកនាំមួយចំនួននាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហ្សាកាតា។

ក្នុងជំនួបនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានបញ្ជាក់ថា កម្ពុជាជាប្រទេសប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមកសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់គោលនយោបាយ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដល់ប្រជាពលរដ្ឋទូទៅដោយរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គ្មានការរើសអើង និងគ្មានជម្លោះសាសនាឡើយ ស្របពេលប្រទេសជាតិ កំពុងមានសុខសន្តិភាព និងការរីកចម្រើន។

លោកបណ្ឌិតបន្តថា លើសពីនេះទៅទៀត សហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម បានក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាម។

ជាការឆ្លើយតប លោក KH.Miftakhul Akhyar ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ នៃក្រុមប្រឹក្សាភិបាល (Rais Aam) អង្គការ NU បានថ្លែងអំណរអរគុណ និងវាយតម្លៃខ្ពស់ចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើប្រជាជនទូទៅ ជាពិសេសសហគមន៍ឥស្លាមនៅកម្ពុជា។

ក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សាក្នុងនាម NU ក៏បានផ្តល់អាហារូបករណ៍ពេញមួយភាគរយដល់សិស្សឥស្លាមកម្ពុជា ចំនួន១០កន្លែង សម្រាប់សិក្សាលើមុខវិជ្ជាផ្នែកសាសនាឥស្លាម ហើយអាហារូបករណ៍នេះ ជ្រើសរើសសិស្សកម្រិតអនុវិទ្យាល័យ ដែលកំពុងសិក្សាផ្នែកសាសនា អាចបន្តទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ី រយៈពេល៥ទៅ១០ឆ្នាំ។

លោកក៏បានអញ្ជើញទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំឥស្លាមកម្ពុជា អញ្ចើញទស្សនកិច្ចនៅកោះចាវ៉ា (ជ្វា) ខាងត្បូង ខាងជើង និងកណ្ដាល នៃប្រទេសឥណ្ឌូនេស៊ី ដែលភាគច្រើនមានដើមកំណើតមកពី អតីតនគរចំប៉ាសិបលាននាក់ ដែលមានប្រវត្តិសាស្ត្រម្ចាស់ក្សត្រីចំប៉ាដ៏ខ្លាំងក្លា ដើម្បីស្វែងយល់សិក្សាបន្ថែមផ្សាភ្ជាប់ទំនាក់ទំនងវប្បធម៌ថែមទៀតពីប្រវត្តិសាស្ត្រ និងការងារអភិវឌ្ឍផ្សេងៗផងដែរ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តីសន្យាថា នឹងរៀបចំដំណើរទស្សនកិច្ចមួយ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី តាមពេលវេលាសមស្របណាមួយ នាពេលខាងមុខឆាប់ៗនេះ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញថ្នាក់ដឹកនាំអង្គការ NU មកទស្សនកិច្ចនៅកម្ពុជា និងចូលរួមកម្មវិធីពិសារអាហារស្រាយបួស ជាមួយសម្តេចធីបតី ហ៊ុន ម៉ាណែត នាពេលខាងមុខផងដែរ ដើម្បីជួបជាមួយថ្នាក់ដឹកនាំឥស្លាម ហើយបានមើលដោយផ្ទាល់ពីការអភិវឌ្ឍនៅកម្ពុជា ជាពិសេសក្នុងសហគមន៍ឥស្លាម។ ភាគី NU ក៏បានទទួលយកការអញ្ជើញនេះដោយនឹងអញ្ជើញមកចូលរួមក្នុងពិធីស្រាយបួស នាពេលនោះ។

សូមជម្រាបថា NU ជាអង្គការឥស្លាមដ៏ធំមួយនៅឥណ្ឌូនេស៊ី ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩២៦ បច្ចុប្បន្នមានសមាជិកចំនួនប្រមាណជាង៩៥លាននាក់ នៃប្រជាជនឥណ្ឌូនេស៊ី សរុបចំនួន២៨០លាននាក់។ NU មានសាកលវិទ្យាល័យរបស់ខ្លួនចំនួន៤៤ និងមានបណ្តាញជាមួយសាលាឥស្លាមចំនួន៦,៨៣០ ហើយមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីសាសនាឥស្លាម សុខាភិបាល និងកិច្ចការសង្គម៕