(កំពង់ធំ)៖ លោក លី ពេជ្រវីរៈ ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មីជំនួសលោក សុខ សុផល ដែលត្រូវចូលនិវត្តន៍។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ស៊ឹង រេត អនុរដ្ឋលេខាធិការការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

លោក នួន ផារ័ត្ន បានបញ្ជាក់ថា ការផ្លាស់ប្ដូរភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការ។ នេះជាការបន្តនិរន្តរភាពត្រូវរៀនសូត្រតាមអ្នកចាស់អ្វីដែលល្អ សម្រាប់ការអនុវត្តការងារ ចំណុចណាដែលមិនល្អ យើងកែសម្រួលកាន់ភ្ជាប់នូវ ស្មារតីបន្តវេន និងកែលម្អដែលកំហុសឆ្គងដែលមិនល្អដើម្បីអភិវឌ្ឍន៍ស្ថាប័នបានល្អប្រសើរ។

លោកបានណែនាំដល់ប្រធានមន្ទីរថ្មី

*ទី១៖ ត្រូវបន្តនិរន្តរភាពការងារ និងត្រូវរក្សាសាមគ្គីភាព មិត្តភាព តម្លាភាព គណនេយ្យភាពផ្ទៃក្នុងឱ្យបានល្អនិងមានភាពចាស់ទុំជាអ្នកដឹកនាំ។
*ទី២៖ ត្រូវមានការសហការជាមួយអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
*ទី៣៖ ត្រូវមានរបៀបរបបការងារឱ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្តីណែនាំ។
*ទី៤៖ ត្រូវយកចិត្តទុកដាក់រក្សាបាននូវសុដុមនីយកម្ម។
*ទី៥៖ ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលសមត្ថភាពមន្ត្រីរាជការក្រោមឱវាទឱ្យស្របទៅនឹងសម័យឌីជីថល។

លោកបណ្ឌិត ស៊ឹង រេត បានថ្លែងថា ពិធីប្រកាសមុខតំណែងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ឆ្លុះបញ្ចាំងអំពីការទទួលស្គាល់ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះមន្ត្រីរាជការដែលមានស្នាដៃ គុណសម្បត្តិ សមត្ថភាព ឆន្ទៈ និងការខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបាន ល្អប្រសើរ នៅក្នុងបរិការណ៍ដែល រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានាក្នុងក្របខណ្ឌ នៃកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ កាន់តែប្រសើរ ក៏ដូចជាពង្រឹង មូលដ្ឋាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សុខសន្តិភាព និងស្ថិរភាពនយោបាយឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកបណ្ឌិត ស៊ឹង រ៉េត បានផ្តាំផ្ញើប្រធានមន្ទីរដែលទើបបានតែងតាំង សូមមានស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចការងារប្រចាំថ្ងៃឱ្យបានល្អ និងសូមធ្វើការដោយមានកិច្ចសហការជាមួយថ្នាក់ដឹកនាំ តាមឋានានុក្រមដើម្បីបង្កើន នូវទំនាក់ទំនងល្អ បង្កើនបទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈថ្មីៗ និងធ្វើខ្លួនឱ្យបានជាគម្រូល្អដល់មន្រ្តីថ្នាក់ក្រោម ដោយភាពវៃឆ្លាត ចេះអធ្យាស្រ័យផ្ទៃក្នុង មានវិន័យសេចក្ដីថ្លៃថ្នូរ មិនធ្វើឱ្យអាប់ឱនកិត្តិយសដល់ខេត្ត ដល់ក្រសួង និងរដ្ឋាភិបាល ដែលបានប្រគល់សេចក្ដីទុកចិត្តជូនដល់លោក។

 

លោក លី ពេជ្រវីរៈ បានធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖

*ទី១៖ សាមគ្គីភាពផ្ទៃក្នុងជាមួយមន្ត្រីរាជការក្នុងមន្ទីរ ឲ្យកាន់តែល្អប្រសើឡើង។
*ទី២៖ សហការជាមួយមន្ទីរជំនាញ អង្គភាពជុំវិញខេត្ត អោយបានកាន់តែល្អប្រសើឡើង។
*ទី៣៖ ប្រតិបត្តដោយភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដោយអនុវត្តស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
*ទី៤៖ អនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងខិតខំអនុវត្តគោលនយោបាយទាំង៦ចំនុច និងវិធានគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧៕